ខូចចិត្តប្រពន្ធស្ល-ា..ប់ចោល ធ្លាក់ចូលក្នុងក្តីអស់សង្ឃឹម បុរសម្នាក់វេចលុយជិត ១ សែនដុល្លារ ដើរចែកគេឯងតាមផ្លូវអស់
ថ្មីៗនេះ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងលើបុរសម្នាក់ ដោយក្រោយពីប្រពន្ធស្លាប់ចោល ខ្លួនបានធ្លាក់ចូលក្តីអស់សង្ឃឹម ហើយគិតថាជីវិតលែងមានន័យទៀត រហូតវេចលុយដាក់ថង់ជិត ១ សែនដុល្លារ ដើរចែកគេឯងតាមផ្លូវអស់។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសចិន ដោយបុរសខាងលើមានវ័យ ៦៧ ឆ្នាំ ហើយប្រពន្ធទើបតែស្លាប់ចោលកាលពីឆ្នាំមុន។ ការចាកចេញរបស់ប្រពន្ធសំណព្វចិត្តនេះ បានធ្វើឱ្យបុរសរូបនេះ ពិបាកទទួលយកណាស់ អ្វីគ្រប់យ៉ាងបែរជាគ្មានន័យ សូម្បីតែលុយទាំងដុំៗក្នុងដៃក៏លោកមើលទៅលែងមានតម្លៃអ្វីទៀតដែរ ក្នុងចិត្តនឹកឃើញតែប្រពន្ធដែលបានឃ្លាតទៅ។
ចុងក្រោយ លោកក៏សម្រេចចិត្តយកលុយចំនួនជាង ៨ ម៉ឺនដុល្លារ ដាក់ថង់ចំនួនពីរធំៗ រួចយកដើរចែកមនុស្សម្នានៅតាមផ្លូវ ចែកមិនអស់ក៏គ្រវាត់ថង់ចោល ធ្វើឱ្យលុយធ្លាក់រប៉ាត់រប៉ាយ។ យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ មនុស្សមួយចំនួនក៏បាននាំគ្នាប្រមូលលុយទុកឱ្យបុរសរូបនេះវិញ ហើយប្រាប់ឱ្យលោកទុកមើលថែរក្សា ព្រមទាំងបានហៅប៉ូលិសមកជួយអន្តរាគមន៍ផងដែរ។
បន្ទាប់ពីបានដឹងមូលហេតុ ប៉ូលិសក៏បានព្យាយាមប្រមូលលុយទាំងអស់មកវិញ ហើយក៏បានទាក់ទងទៅកាន់គ្រួសាររបស់បុរសខាងលើមកទទួលផងដែរ។ ក្រោយរឿងរ៉ាវមួយនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គម មានមហាជនច្រើនណាស់កើតការរំជួលចិត្ត ចំពោះសេចក្តីស្នេហារបស់បុរសនេះចំពោះប្រពន្ធ និង ភាពស្មោះត្រង់របស់អ្នកនៅតាមផ្លូវ ដែលមិនយកលុយរបស់បុរសរូបនេះ៕