ក្តៅៗ អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យចេញកប៉ាល់ធំៗ ៥ គ្រឿងបន្ទាន់ ទៅដឹកភ្ញៀវទេសចរជាប់គាំងនៅកោះ ដោយសារបញ្ហាអាកាសធាតុ
ដោយសារបញ្ហាអាកាសធាតុមិនល្អ មានខ្យល់កន្រ្តាក់ និង មានរលកធំៗ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យស្នងការនគរបាលខេត្តបញ្ចេញកប៉ាល់ធំៗចំនួន ៥ គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅតាមបណ្ដាកោះនានា។
ឯកឧត្ដម គួច ចំរើន បានអះអាងថា ដោយមើលឃើញអាកាសធាតុធូរស្រាល និង រលករៀងស្ងប់បន្ដិចនោះ លោកបានបញ្ជាឱ្យស្នងការខេត្តបញ្ចេញកប៉ាល់ធំៗចំនួន ៥ គ្រឿង ដើម្បីទៅទទួលភ្ញៀវទេសចរ ដែលជាប់នៅតាមបណ្ដាកោះ មកកាន់ដីគោកវិញ ដោយឯកឧត្ដមបានបញ្ជាក់ថា ៖ «បើទោះបីរៀងស្ងប់ខ្យល់ និង រលកបន្ដិចក៏ពិតមែន ប៉ុន្ដែសមត្ថកិច្ចដែលចេញទៅទទួលភ្ញៀវទេសចរទាំងអស់នោះ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីការពារហានិភ័យ ដែលអាចនឹងកើតមានឡើង ក្នុងនោះមន្ដ្រីនគរបាលជើងទឹកត្រូវជិះអមដំណើរអ្នកទេសចរ ហើយអ្នកទេសចរទៀតសោត ត្រូវតែពាក់អាវពោងឱ្យបានគ្រប់ៗគ្នា»។
គួរដឹងដែរថា ដោយសារបញ្ហាអាកាសធាតុភ្លៀងខ្លាំង ខ្យល់កន្ដ្រាក់ និង រលកធំៗ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្ដនៅតាមបណ្ដាកោះនានា មកដីគោកវិញជាបណ្ដោះអាសន្នសិន ដោយរង់ចាំស្ថានភាពធូរស្រាល ហើយនៅព្រឹកនេះទើបមានការរៀបចំកប៉ាល់ធំៗ រួមជាមួយសមត្ថកិច្ច ដើម្បីទៅទទួលភ្ញៀវទាំងអស់នោះត្រឡប់មកកាន់ដីគោកវិញ៕
ប្រភព ៖ Fresh News