ច្បាស់ៗ! លោកជំទាវ ជា សិរី បកស្រាយលម្អិតមួយៗបញ្ជាក់រឿងចាយលុយចិននៅកម្ពុជា គឺមានរបៀបចាយយ៉ាងនេះ
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់តាមរយៈផេកលោកជំទាវឱ្យបានជ្រាបថា កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលការចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay របស់ប្រទេសចិន ដោយប្រជាជនយើងមួយចំនួន មានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។
លោកជំទាវសូមអរគុណចំពោះការព្រួយបារម្ភនេះ និង សូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និង ទូទាត់ជាប្រាក់រៀល ខណៈចំពោះគោលបំណងនៃអនុស្សរណៈនោះ គឺមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬ ហៅសាមញ្ញក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ។
លោកជំទាវបានបន្តបញ្ជាក់ឱ្យបានដឹងថា ៖ «កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ អនុស្សរណៈនេះជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូចបង្ហាញក្នុងក្រាហ្វខាងក្រោម តាមរយៈការ scan នេះ គឺគាត់បញ្ជាឱ្យធនាគារគាត់នៅស្រុកចិនដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថាប្រជាជនចិន គេសន្សំ និង ទូទាត់ជារូបិយវត្ថុជាតិគេ និង មិនប្រើដុល្លារអាមេរិកទូលំទូលាយដូចស្រុកយើងទេ)។ ដូច្នេះ ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់ មកលុយរៀលសិនទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះទេសចរណ៍ចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន»។
លោកជំទាវបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ ឬ មធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណៈនេះ និង ចុងក្រោយជំរុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ វិធានការខាងលើគឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀល និង មុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ៕