ទៀតហើយ! វៀតណាមនឹងប៉ះព្យុះកំណាចថ្មីមួយឈ្មោះ Talim បក់ពីចិន វាយលុកប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃ ១៩ កក្កដា
នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្រសួងឧតុនិយមវៀតណាម បានចេញសេចក្ដីប្រកាសឱ្យប្រជាជនខ្លួនត្រៀម ក្រោយព្យុះ Talim ដែលមានដើមកំណើតពីតំបន់ Leizhou ប្រទេសចិន នឹងវាយលុកដល់ប្រទេស ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកក្កដា ខាងមុខនេះ។
ព្យុះ Talim នេះ គឺមានសន្ទុះល្បឿនខ្យល់លឿនចន្លោះពី ១០-១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងធ្វើការបោកបក់ចម្ងាយ ៦៧០ គីឡូម៉ែត្រ កាត់ប្រទេសវៀតណាម ដោយបក់ចាប់ពីតំបន់ខាងជើងឈៀងខាងកើតមក។
ក្នុងនោះខេត្តជាច្រើននឹងត្រូវរងគ្រោះដោយព្យុះ Talim នេះ មានដូចជា Quang Ninh, Hai Phong, Hanoi, Lang Son, Cao Bang, Ha Giang, Lao Cai, Yen Bai, Phu Yen និង ខេត្តមួយចំនួនផ្សេងទៀត។
ខេត្តដែលស្ថិតនៅជាប់មាត់សមុទ្រ ត្រូវបានហាមឃាត់ការចេញទូកនេសាទ និង ត្រូវធ្វើការជម្លៀសពីឆ្នេរ ចំណែកខេត្តដែលនៅតំបន់ភ្នំ និង ទំនាប ប្រជាជនត្រូវស្វែងរកទីទួលសុវត្ថិភាព និង រៀបចំទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្រោះអាចកើតមានករណីជំនន់ទឹកភ្លៀងជន់លិច៕