សឹងប្រេះទ្រូង! កូនប្រុសបង្កើតរួមដៃប្រពន្ធមកវាយប្លន់ម្តាយ ទាំងម្តាយដឹងច្បាស់ថាជាកូន តែមិនហ៊ានមាត់បានត្រឹមលើកដៃសំពះសុំជីវិត
ថ្មីៗនេះ មានករណីថ្មីមួយនៅថៃ គឺកូនប្រុស និង ប្រពន្ធ បានរួមដៃគ្នាទៅប្លន់ម្តាយបង្កើតយកទ្រព្យសម្បត្តិ ដោយវាយធ្វើបាបយ៉ាងព្រៃផ្សៃ ឯម្តាយដឹងច្បាស់ថាជាកូន ព្រោះអាវដែលពាក់មកប្លន់ជាអាវដែលម្តាយជាអ្នកបោកឱ្យដោយផ្ទាល់ដៃ តែសុខចិត្តមិនមាត់មួយម៉ាត់។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅខេត្តរាឆៈបុរី ប្រទេសថៃ ដោយព័ត៌មានបានឱ្យដឹងថា កូនប្រុស និង ប្រពន្ធ បានបន្លំធ្វើជាចោរចូលទៅប្លន់ម្តាយវ័យ ៥៧ ឆ្នាំដល់ក្នុងផ្ទះ ដោយបានយកខ្សែភ្លើងយកដៃយកជើង ព្រមទាំងយកក្រណាត់បិទមាត់ ថែមទាំងយកអង្រែវាយទៅក្បាលម្តាយជាច្រើនដង ទាល់តែម្តាយសុំអង្វរឱ្យទុកជីវិត រួចក៏ប្រមូលលុយកាក់ប្រមាណ ៦០០ ដុល្លារ និង មាសទៅអស់។ ក្រោយពីនោះ ម្តាយក៏ខំប្រឹងវារចេញពីផ្ទះមកឱ្យគេជួយ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អ្វីដែលហួសចិត្តនោះនៅពេលម្តាយបើកភ្នែកពីសន្លប់ កូនប្រុសចិត្តខ្មៅ ក៏អង្គុយនៅកំដរម្តាយ ព្រមទាំងធ្វើមិនដឹងរឿងសួរម្តាយថាមានរឿងអ្វីកើតឡើងទៀត។
ចុងក្រោយម្តាយក៏បានដាច់ចិត្តប្រាប់ប៉ូលិសថាកូនប្រុស និង កូនប្រសាស្រី គឺជាអ្នកបង្កហេតុ ព្រោះចាំច្បាស់ណាស់ អាវដែលកូនពាក់មកប្លន់នោះ គឺខ្លួនជាអ្នកបោកឱ្យដោយផ្ទាល់ដៃ។ យ៉ាងណាមិញ ក្រោយពីប្រមូល DNA រួច ជនបង្កទាំងពីរនាក់ក៏ត្រូវបានគេឃាត់ខ្លួនដើម្បីដំណើរតាមច្បាប់ ហើយក៏បានរកឃើញថា មានសារធាតុញៀនទាំងគូផងដែរ។ ដោយឡែក កូនប្រុសច្បងបានទម្លាយឱ្យដឹងថា ជនបង្កហេតុជាកូនកណ្តាល ហើយតែងតែមកសុំលុយម្តាយជាប្រចាំ ដោយសារតែស្រឡាញ់ និង បារម្ភកូនប្រុសរូបនេះជាងគេ ទើបម្តាយតែងឱ្យលុយ និង របស់ប្រើប្រាស់មិនដាច់ តែកូនយកទៅលេងថ្នាំ ហើយចុងក្រោយនេះទើបដល់ថ្នាក់ប្លន់ម្តាយតែម្តង៕