ស្ករត្នោតខេត្តកំពង់ស្ពឺអ៊េមណាស់! ៦ ខែក្នុងឆ្នាំ ២០២៣ ផលិត និង នាំចេញទៅក្រៅប្រទេសបាន ៧០ តោន
ក្រសួងព័ត៌មាននៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២៣ នេះ សមាគមស្ករត្នោតកំពង់ស្ពឺ បានផលិតស្ករប្រមាណជា ៩០ តោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និង នាំចេញទៅក្រៅប្រទេស។
លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិត និង នាំចេញទៅក្រៅប្រទេសបានប្រមាណជា ៧០ តោនហើយ ដោយសារតែមានការជឿទុកចិត្តពីអតិថិជន ទាំងគុណភាព និង តម្លៃ ព្រមទាំងបានទទួលស្គាល់ថាជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)។
មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតថា តម្លៃមានភាពខុសគ្នាបន្តិចបន្តួច ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ ស្ករត្នោតប្រភេទម្សៅមានតម្លៃ ៧០០០ រៀល ប៉ុន្តែក្នុងឆ្នាំ ២០២៣ នេះវាមានតម្លៃ ៧៣០០ រៀល។ ចំណែកឯស្ករសាច់កាលពីឆ្នាំ ២០២២ មានតម្លៃ ៦៥០០ រៀល ប៉ុន្តែក្នុងឆ្នាំ ២០២៣ នេះ ៧០០០ រៀល ហើយក្នុងនោះស្ករត្នោតកំពង់ស្ពឺ ភាគច្រើននាំចេញទៅសហភាពអឺរ៉ុប ព្រមទាំងថ្មីៗនេះមានការនាំចេញទៅកាន់ប្រទេសចិន ផងដែរ។
គួរបញ្ជាក់ដែរថា សមាគមស្ករត្នោតកំពង់ស្ពឺ មានពលរដ្ឋជាសមាជិកចំនួន ១៥០ គ្រួសារ និង កំពុងផលិតស្ករ ២ ប្រភេទដូចជា ស្ករម៉ាកសម្គាល់ភូមិសាស្រ្ត (GI) និង ស្ករសាច់៕