អ្នកដឹកនាំរឿង «Titanic» មានគេទាក់ទងចង់ឱ្យផលិតរឿងពីសោកនាដកម្មផ្ទុះនាវាមុជទឹក Titan
អ្នកដឹកនាំរឿង «Titanic» លោក James Cameron មានគេទាក់ទងចង់ឱ្យជួយផលិតខ្សែភាពយន្តភាគ ដែលនិយាយពីសោកនាដកម្មផ្ទុះនាវាមុជទឹក Titan ដែលបណ្ដាលឱ្យមនុស្សចំនួន ៥ នាក់បាត់បង់ជីវិត។
បណ្ដាញស្ទ្រីមមីង (streaming network) មួយ ត្រូវបានឱ្យដឹងថា បានទាក់ទងទៅលោក James Cameron ដែលជាអ្នកដឹកនាំដ៏ល្បីមួយរូប ធ្លាប់បានមុជចុះទៅមើលខ្មោចកប៉ាល់ទីតានិចមិនតិចជាង ៣០ ដង។ ពួកគេ គឺចង់ឱ្យលោកជួយក្នុងការផលិតខ្សែភាពយន្តភាគថ្មី ដែលនិយាយរៀបរាប់ពីសោកនាដកម្មផ្ទុះនាវាមុជទឹក Titan ដែលជាហេតុការណ៍ដ៏រន្ធត់បំផុត ផ្ទុះផ្អើលពាសពេញពិភពលោក កាលពីពេលកន្លងទៅថ្មីៗនោះ។
ទោះជាយ៉ាងណា សម្រាប់ខាងលោក James Cameron វិញ នៅមិនទាន់ចេញមុខឆ្លើយតប ទទួលនឹងសំណើរមួយនេះ ឬ ក៏យ៉ាងណានោះឡើយ។ គួររំឭកផងដែរថា ជនរងគ្រោះទាំង ៥ នាក់ ដែលបានបាត់បង់ជីវិតជាមួយនឹងនាវាមុជទឹក Titan រួមមានលោក Hamish Harding, Shahzada Dawood, Sulaiman Dawood, Paul-Henry Nargeolet និង CEO ក្រុមហ៊ុន OceanGate ផ្ទាល់ លោក Stockton Rush៕