ដំបូងគេ! ជើងហោះហើរនៅជប៉ុន មានសេវាជួលខោអាវសម្រាប់អ្នកដំណើរ លែងព្រួយរឿងយកតាមខ្លួននាំធ្ងន់វ៉ាលិស
ក្រុមហ៊ុនជើងហោះហើរមួយនៅប្រទេសជប៉ុន បានចេញសេវាកម្មថ្មីជាសេវាកម្មជួលសម្លៀកបំពាក់សម្រាប់អ្នកដំណើរ ក្នុងការជួយសម្រួលគីឡូវ៉ាលិសរបស់ពួកគេ។
សេវាកម្មមួយនោះ មានឈ្មោះថា «Any Wear, Anywhere» ដែលអាចឱ្យអ្នកដំណើរជួលសម្លៀកបំពាក់មួយចំនួនមុនការហោះហើររបស់ពួកគេ ហើយសម្លៀកបំពាក់ទាំងនោះ នឹងដឹកឱ្យដល់សណ្ឋាគាររបស់ពួកគេស្នាក់នៅថែមទៀត។ បន្ថែមពីនេះ ការជួលសម្លៀកបំពាក់នេះដែរ អ្នកដំណើរក៏អាចរើសស្ទីល និង ម៉ូដបានដូចគ្នា មិនថាពួកគេធ្វើដំណើរលក្ខណៈកម្សាន្ត ឬក៏មកធ្វើជំនួញការងារនោះឡើយ។
សម្រាប់តម្លៃវិញ ក្នុងមួយឈុតគឺមានតម្លៃចាប់ពី ៤ ពាន់យេន ទៅ ៧ ពាន់យេន (ប្រមាន ២៩ ដុល្លារ ទៅ ៥០ ដុល្លារ) ដោយអ្នកដំណើរអាចជួលបានដល់ ៨ ឈុតផ្សេងៗគ្នា ក្នុងរយៈពេលរហូតដល់ ២ អាទិត្យ៕