ពលរដ្ឋ ១២ នាក់នៅកំពង់ឆ្នាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ បន្ទាប់ពីញ៉ាំមីឆាលក់តាមរទេះរុញហើយពុល
កាលពីយប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ទាំងប្រុសស្រី មានចាស់ មានក្មេង ប្រមាណជា ១២ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានអាការពុលអាហារ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋទាំង ១២ នាក់នោះ ចាប់ផ្ដើមមានអាការចុកពោះ ក្អួត រាក លក្ខណៈជាបណ្ដុំ ក្រោយពីបានហូបមីឆារុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។
ក្រោយពីមានអាការពុលអាហារហើយ អ្នករងគ្រោះទាំងអស់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះជីវិត ប៉ុន្តែមិនមានអ្នកណាបាត់បង់អាយុជីវិតទេ។ នគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា ជនរងគ្រោះទាំងនោះសុទ្ធតែបានបរិភោគមីឆា (មីដុំសរសៃមូល) ដែលលោកយាយម្នាក់ឈ្មោះ មូល សុន អាយុ ៧០ ឆ្នាំ ជាអ្នករុញរទេះលក់តាមភូមិ និង បានបានប្រមូលសរសៃមីនៅសល់នោះទៅវិភាគរកមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងបានឃាត់ខ្លួនលោកយាយ មូល សុន ដើម្បីរង់ចាំការសម្រេចពីថ្នាក់លើបន្តទៀត។។
ដោយឡែក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា អ្នកជំងឺទាំងអស់មានអាការធូរស្រាលបណ្តើរៗហើយ ព្រោះពុំមានអ្នកណាម្នាក់រងគ្រោះធ្ងន់ទេ៕
ប្រភព ៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង