ក្តៅគគុក! Twitter គំរាមប្ដឹង Meta ជុំវិញការបង្កើតកម្មវិធី Threads បំណងបំបាក់កម្មវិធីខ្លួន
ក្រុមហ៊ុន Twitter គំរាមនឹងធ្វើការប្ដឹងក្រុមហ៊ុន Meta ជុំវិញការបង្កើតកម្មវិធីបណ្ដាញសង្គមថ្មី Threads ដែលជាកម្មវិធីមួយកំពុងប្រកួតប្រជែងកម្មវិធីរបស់ខ្លួន។
តាមវិបសាយ Semafor ដែលទទួលបានសារមួយ បានរាយការណ៍ថា Twitter ដែលទិញដោយលោក Elon Musk ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីឆ្នាំមុននោះ បានគំរាមប្ដឹងក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ទៅតាមផ្លូវច្បាប់។ បើតាមសារព័ត៌មានដដែលនេះ បានឱ្យដឹងថា មេធាវី Alex Spiro ថ្មីៗនេះ បានផ្ញើលិខិតមួយទៅកាន់ Mark Zuckerberg ដោយអះអាងថា Twitter មានការព្រួយបារម្ភខ្លាំង ជុំវិញការក្លែងបន្លំជាប្រព័ន្ធ ការមានចេតនា និង បង្វែងដានខុសច្បាប់នៃរឿងសម្ងាត់នៃជំនួញ និង កម្មសិទ្ធិបញ្ញារបស់ខ្លួន។
ក្នុងសារនោះដែរ បានលើកឡើងថា ក្រុមហ៊ុន Meta កាលពីឆ្នាំកន្លងទៅ បានជួលបុគ្គលិកមួយចំនួន ដែលជាអតីតបុគ្គលិករបស់ Twitter ដែលមានកាតព្វកិច្ចធ្វើការលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែសារនោះបានអះអាងថា ពួកគេមានរក្សាទុកឯកសារ និង ឧបករណ៍អេឡិចត្រនិច របស់ក្រុមហ៊ុន Twitter។
បន្ថែមពីនេះ មេធាវី Spiro បានអះអាងទៀតថា ក្រុមហ៊ុន Meta គឺមានចេតនា ជួលអតីតបុគ្គលិក Twitter ទាំងនោះ ឱ្យបង្កើតកម្មវិធី Threads ឡើង ដែលនេះសបញ្ជាក់ថា ពួកគេគឺ បង្កើតកម្មវិធីតាមខ្លួន។ លោកបាននិយាយទៀតថា ក្រុមហ៊ុន Twitter មានសិទ្ធិក្នុងការប្ដឹងឱ្យក្រុមហ៊ុន Meta បញ្ឈប់ទង្វើរបស់ខ្លួន និង ជាចុងក្រោយ លិខិតមួយនោះ ក៏បានលើកឡើងដែរថា ក្រុមហ៊ុន Meta ត្រូវតែរក្សាឯកសារទាំងឡាយណា ដែលមានពាក់ព័ន្ធគ្នានឹងជម្លោះរវាង Twitter និង Meta រួមទាំងឯកសារជួលអតីតបុគ្គលិកក្រុមហ៊ុន Twitter ផងដែរ៕