កូនខ្មែរចងចាំមិនភ្លេច! ថ្ងៃនេះ ១៥ ឆ្នាំមុន ប្រាសាទព្រះវិហារ បានចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារ គឺជាប្រាសាទបុរាណខ្មែរដ៏ធំមួយស្ថិតនៅលើខ្នងភ្នំព្រះវិហារ ខេត្តព្រះវិហារ។ ប្រាសាទខ្មែរដ៏ធំ និង ចំណាស់មួយនេះ ត្រូវបានចុះក្នុងបញ្ជីបេកតិកភណ្ឌពិភពលោកជាផ្លូវការ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដែលគិតរហូតមកទល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ គឺមានរយៈពេល ១៥ ឆ្នាំមកហើយ។
ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅនោះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ នោះ។
គួរបញ្ជាក់ផងដែរថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕
រូបភាព ៖ Mr. Piak Lim