អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៣ ជាប្រទេសមានសុខសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ នេះក្រសួងព័ត៌មានបានចុះផ្សាយថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលេខរៀងទី ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង ស្ថិតនៅលេខរៀងទី ៧៣ ក្នុងចំណោមប្រទេសចំនួន ១៦៣ ជុំវិញពិភពលោកក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។
យោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០២៣ ដែលចេញផ្សាយកាលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង សន្តិភាព (IEP) ដែលមានទីតាំងមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៣ ជាប្រទេសមានសុខសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាក់ស្ដែង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរថា ៖ «វិទ្យាស្ថានសេដ្ឋកិច្ច និង សន្តិភាព (អូស្ត្រាលី) ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត (Peacefulness) របស់ប្រទេសចំនួន ១៦៣ ក្នុងពិភពលោក។ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជា យើងស្ថិតនៅទី ១៣ (ក្នុងពិភពលោក យើងនៅទី ៧៣ ក្នុងចំណោម ១៦៣ ប្រទេស) ដែលបានបង្ហាញឱ្យឃើញពីវឌ្ឍនភាពយ៉ាងធំធេង ដែលប្រជាជនកម្ពុជា យើងបានសម្រេចបាន ក្រោមការដឹកនាំដ៏វៃឈ្លាសរបស់សម្តេចតេជោ»។
ដោយឡែក ចំពោះចំណាត់ថ្នាក់កំពូលវិញនៅតែជាប្រទេសអ៊ីស្លង់ ដែលបានរក្សាចំណាត់ថ្នាក់របស់ខ្លួន ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ចាប់តាំងពីការសិក្សានេះត្រូវបានចេញផ្សាយជាលើកដំបូងកាលពីឆ្នាំ ២០០៨ ហើយក្រៅពីនោះជាបន្តបន្ទាប់មានប្រទេសដាណឺម៉ាក និង អៀរឡង់ ខណៈដែលអាហ្វហ្គានីស្ថាន ជាប្រទេសមានកម្រិតសុខសន្តិភាពតិចជាងគេបំផុតក្នុងពិភពលោក។
គួរដឹងដែរថា ការចេញផ្សាយលើកទី ១៧ នៃសន្ទស្សន៍សន្តិភាពសកល ដែលដាក់ចំណាត់ថ្នាក់រដ្ឋឯករាជ្យ និង ដែនដីចំនួន ១៦៣ មានប្រជាជនសរុប ៩៩.៧ ភាគរយនៃចំនួនប្រជាជនពិភពលោក ដោយការវាស់ស្ទង់ស្ថានភាពសុខសន្តិភាព របស់ប្រទេសនីមួយៗ តាមរយៈវិស័យចំនួន ៣ ដូចជា ៖ កម្រិតនៃសុវត្ថិភាព និង សន្តិសុខសង្គម, វិសាលភាពនៃជម្លោះក្នុងប្រទេស និង កម្រិតអន្តរជាតិ ព្រមទាំងកម្រិតនៃយោធា៕
ប្រភព និង រូបភាព ៖ ក្រសួងព័ត៌មាន