ចែកគ្នាដឹង! ទឹកខ្មៅលុបមិនជ្រះ ប្រើក្នុងថ្ងៃបោះឆ្នោត គឺទិញពីឥណ្ឌា ក្នុងតម្លៃសរុបជាង ៩១ ម៉ឺនដុល្លារ
ក្រសួងព័ត៌មាន នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយឱ្យបានដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចប្រើទឹកខ្មៅពីប្រទេសឥណ្ឌា ដូចគ្រាបោះឆ្នោតមុនៗដដែល សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី ២៣ កក្កដាខាងមុខនេះ។
តាមប្រភពបានឱ្យដឹងថា ទឹកខ្មៅជ្រលក់ម្រាមដៃ បញ្ជាទិញពីក្រុមហ៊ុននៅប្រទេសឥណ្ឌា ដែលមិនអាចលាងជ្រះវិញដោយទឹកសាប៊ូ ទឹកលាងថ្នាំសក់ ទឹកអូសាវ៉ែល និងទឹកលាងជម្រះផ្សេងទៀត ក្នុងថ្ងៃតែមួយនៃថ្ងៃបោះឆ្នោតនោះ គឺមានចំនួន ៥ ម៉ឺន ២ ពាន់ដប ក្នុងតម្លៃសរុបជាង ៩១ ម៉ឺនដុល្លារអាមេរិក។ ទឹកខ្មៅនេះ ក្នុង ១ ដប មានចំណុះ ៧០ មីលីលីត្រ ហើយនឹងត្រូវចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន ២ ដប ក្នុងចំណោមការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេស ចំណែកចំនួនដែលនៅសល់ គឺទុកបម្រុងបង្ការនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅគ.ជ.ប មួយចំនួន។
បើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ក្នុងពិធីប្រកាសជាសាធារណៈ និង ដាក់ឱ្យសាកល្បងនូវគុណភាពទឹកខ្មៅ នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះ ឯកឧត្តមបានឱ្យដឹងថា ៖ «គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន ៤ កម្រិតនេះ ឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាតកម្រិត២០ភាគរយ មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសម្អាតឱ្យបានស្អាតល្អភ្លាមៗនោះទេ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះ ដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព៦ខែ គិតចាប់ពីថ្ងៃផលិត»។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នេះ មានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន ១២៥ កៅអី ក្នុងចំណោមប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោតសរុបជាង ៩ លាន ៧១ ម៉ឺននាក់៕
ប្រភព ៖ ក្រសួងព័ត៌មាន