មិនធម្មតា! ត្រឹម ៧ ម៉ោងដំបូង កម្មវិធីថ្មី Threads គូប្រជែង Twitter មានអ្នកប្រើប្រាស់ដល់ទៅ ១០ លាននាក់
សារព័ត៌មាន BBC នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា ត្រឹមតែរយៈពេល ៧ ម៉ោងដំបូងកម្មវិធីថ្មីរបស់ក្រុមហ៊ុន Meta ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ដល់ទៅ ១០ លាននាក់។
ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា កម្មវិធី Threads ដែលទើបនឹងដាក់ដំណើរការថ្មីនេះ មានគោលបំណងប្រកួតប្រជែងជាមួយនឹង Twitter ដោយអ្នកជំនាញបានលើកឡើងថា កម្មវិធី Threads អាចនឹងទាក់ទាញអ្នកប្រើប្រាស់ Twitter ណាមិនសប្បាយចិត្តជាមួយនឹងការផ្លាស់ប្តូរថ្មីៗឱ្យមកប្រើកម្មវិធីនេះបាន។
កម្មវិធី Threads នៅពេលនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះសាររហូតបានដល់ ៥០០ តួអក្សរ និង មានមុខងារជាច្រើនស្រដៀងទៅនឹង Twitter ហើយលោក Mark Zuckerberg បានបញ្ជាក់ទៀតថា ៖ «កម្មវិធីនេះបានឆ្លងកាត់ការចុះឈ្មោះចំនួន ១០ លាននាក់ទៅហើយក្នុងរយៈពេល ៧ ម៉ោងដំបូង» ដោយលោកបានបន្ថែមថា ៖ «ភាពរួសរាយរាក់ទាក់ គឺជាគន្លឹះនៃភាពជោគជ័យ»។ ចំណែកប្រធានក្រុមហ៊ុន Twitter លោក Elon Musk វិញក៏បានឆ្លើយតបថា ៖ «វាជាការប្រសើរបំផុត ដែលត្រូវបានវាយប្រហារដោយមនុស្សចម្លែកៗនៅលើ Twitter ជាជាងមានសុភមង្គលក្លែងក្លាយក្នុង Instagram ដោយលាក់បាំងការឈឺចាប់»។
យ៉ាងណាមិញ នៅពេលសួរដែលមានសួរថា តើកម្មវិធី Thread អាចនឹងមានប្រជាប្រិយជាង Twitter ទេ? លោក Zuckerberg បានឆ្លើយថា ៖ «វានឹងចំណាយពេលខ្លះ ដើម្បីឱ្យកម្មវិធីនេះរីកដុះដាល ព្រោះថា Twitter ធ្លាប់មានឱកាសធ្វើឱ្យមានឈ្មោះល្បីល្បាញ មានអ្នកប្រើប្រាស់ច្រើន ប៉ុន្តែពួកគេមិនបានជោគជ័យទេ ដូចនេះយើងសង្ឃឹមថាយើងនឹងធ្វើបាន»។ បច្ចុប្បន្ននេះ កម្មវិធី Thread ត្រូវបានដាក់ឱ្យទាញយកប្រើប្រាស់ក្នុងប្រទេសជាង ១០០ រួមទាំងប្រទេសកម្ពុជាផងដែរ ប៉ុន្តែនៅមិនទាន់មានវត្តមានក្នុងសហភាពអឺរ៉ុបនៅឡើយទេ ដោយសារតែមានការព្រួយបារម្ភខ្លះៗ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Meta បាននិយាយដែរថា មុនពេលចាប់ផ្តើមដំណើរការកម្មវិធីរបស់ខ្លួន ក្រុមហ៊ុនមានចក្ខុវិស័យ យកអ្វីដែល Instagram ធ្វើបានល្អបំផុត ហើយពង្រីកវាទៅជាអត្ថបទសំណេរវិញ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Meta គឺសង្កត់ធ្ងន់លើទំនាក់ទំនងសង្គម ដែលមានភាពស្រដៀងគ្នាទៅនឹង Twitter ដោយមានអ្នកវិនិយោគមួយចំនួនបានពណ៌នាកម្មវិធីនេះថាជា «ឃាតកសម្លាប់ Twitter» ស្របពេលដែលថ្មីៗនេះ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Twitter បានរឹតបន្តឹងចំនួន Tweet ដែលអ្នកប្រើប្រាស់អាចមើលឃើញបានក្នុងមួយថ្ងៃ ដោយលើកឡើងពីការលួចទិន្នន័យ៕
ប្រភព ៖ BBC