នាំគ្នាសេវទុកទៅ! បើមានអ្នករងគ្រោះ ដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញ អាចទាក់ទងទៅលេខមួយនេះ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះ អាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22។
ក្រៅពីនេះ បងប្អូនក៏អាចទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និង ពេលរសៀល ចាប់ពីម៉ោង១៤:៣០នាទី ដល់ម៉ោង១៧:៣០នាទី។
សូមបញ្ជាក់ផងដែរថា ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិតយកមកប្រើបោកប្រាក់ជនរងគ្រោះបានជាហូរហែ ខណៈកន្លងមក មានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាត ឬ ប្រុសសង្ហាបង្កើតជាគណនីក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ប្រាក់កាសអស់ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយបន្លំជាអ្នកមាន ឬ ជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើវត្ថុមានតម្លៃ ឬ ថវិកាឱ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗបញ្ឆោតឱ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញ ដើម្បីដោះស្រាយបញ្ហាក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។
ទន្ទឹមគ្នានេះ ក៏មានករណីឆបោកតាមការខលទូរស័ព្ទ ដោយជនទុច្ចរិតបានប្រើវិធីសាស្ត្រចុចលេខទូរស័ព្ទសម្រាប់តេតាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ ឬ ត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់ខ្លះត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និង ខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហកថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬ ជួបឧបទ្ទវហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឱ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើនយកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស៕