លែងទ្រាំទៀត! អតីតប្រពន្ធសហស្ថាបនិក Google តបវិញផាំង ក្រោយមានគេចោទថា ធ្លាប់ផិតជាមួយ Elon Musk
សារព័ត៌មាន Daily Mail កាលពីយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅបានចុះផ្សាយថា លោកស្រី Nicole Shanahan ដែលជាអតីតភរិយារបស់លោក Sergey Brin (សហស្ថាបនិក Google) ត្រូវបានគេរាយការណ៍កាលពីឆ្នាំ ២០២២ កន្លងទៅថា មានទំនាក់ទំនងស្នេហាលួចលាក់រយៈពេលខ្លីជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅ Art Basel ក្នុងទីក្រុង Miami ដោយបានជំរុញឱ្យស្វាមីមហាសេដ្ឋីរបស់អ្នកស្រីដាក់ពាក្យសុំលែងលះកាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្រី Nicole Shanahan ដែលមានអាយុ ៣៧ ឆ្នាំ បានជួបនឹងអតីតស្វាមីលោក Sergey Brin អាយុ ៤៩ ឆ្នាំ កាលពីឆ្នាំ ២០១៤ ក្នុងពិធីបុណ្យយូហ្គា Wanderlust នៅ Lake Tahoe និង បានស្រលាញ់គ្នានៅ Stanford ហើយក៏បានរៀបការជាមួយគ្នានៅឆ្នាំ ២០១៨ ។ យ៉ាងណាមិញ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏មានបញ្ហា និង បានលែងលះគ្នានៅឆ្នាំ ២០២២ កន្លងទៅ ដោយមានរឿងអាស្រូវមួយ បានកើតឡើងពេលមានការបែកបាក់គ្នានោះ។
បច្ចុប្បន្ននេះ Nicole បានបង្ហើបថា នាងមានស្វាមីថ្មីក្នុងជីវិតរបស់នាងហើយ ដោយបានជួបនៅឯពិធីបុណ្យ Burning Man កាលពីឆ្នាំ ២០២២ កន្លងទៅ។ អ្នកស្រីក៏បានលើកឡើងដែរថា ៖ «ខ្ញុំត្រូវបានគេចោទប្រកាន់ថា ជាស្រីក្បត់ ហើយគេបានចោទប្រកាន់ខ្ញុំធ្លាប់គេងជាមួយនឹង Elon Musk ព្រមទាំងបានសួរខ្ញុំទៀតថា តើយើងមានទំនាក់ទំនងស្នេហាទេ? ទេ! យើងមិនមានស្នេហាជាមួយគ្នាទេ»។ ហើយអ្នកស្រីបានអះអាងទៀតថា ពេលនោះនាង និង លោក Elon កំពុងតែជជែកគ្នាអំពីជំងឺអូទីសឹមរបស់កូនស្រីអ្នកស្រីប៉ុណ្ណោះ។
អ្នកស្រី Nicole បានរៀបរាប់ទៀតថា ៖ «ពេលជជែកគ្នានោះ ខ្ញុំបាននិយាយពីការប្រើប្រាស់ Neuralink របស់លោក Elon Musk ដើម្បីព្យាបាលជំងឺអូទីសឹម ប៉ុន្តែត្រូវបានគេលាបពណ៌ថា ជាសហាយស្មន់ទៅវិញ»។ អ្នកស្រីបានបន្ថែមទៀតថា វាអយុត្តិធម៌ណាស់ ព្រោះតែអ្នកស្រី និង អតីតស្វាមី មានបញ្ហាមិនចុះសម្រុងជាមួយគ្នារួចទៅហើយ ដោយសារតែភាពតានតឹងនៃវិបត្តិកូវីដ-១៩ ព្រមទាំងការចិញ្ចឹមកូនស្រីតូច ដែលមានជំងឺអូទីសឹម ប៉ុន្តែគាប់ជួនពេលនោះលោក Musk ក៏ទើបតែបែកពីមិត្តស្រី Grimes ដែរ ទើបបង្កើតជាពាក្យមិនល្អរវាងអ្នកទាំងពីរ។
ជាមួយគ្នានេះដែរ អ្នកស្រី Nicole បានអះអាងថា ៖ «ខ្ញុំដឹងថានរណាជាប្រភព ដែលនិយាយថាខ្ញុំកំពុងមានទំនាក់ទំនងស្នេហា ប៉ុន្តែខ្ញុំអត់ទោសឱ្យអ្នក»។ ហើយបច្ចុប្បន្ននេះ អ្នកស្រី Nicole ក៏មានទំនាក់ទំនងស្នេហាថ្មីមួយជាមួយនឹងលោក Strumwasser ដែលជាអនុប្រធាននៃ Lightning Labs Jacob Strumwasser ដោយអ្នកទាំងពីរបានជួបគ្នានៅមហោស្រព Burning Man កាលពីឆ្នាំ ២០២២ កន្លងទៅ ដែលដំបូងចាប់ផ្ដើមពីមិត្ត រហូតដល់ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អ្នកទាំងពីរក៏សម្រេចចិត្តប្រារព្ធពិធីតូចមួយនៅឆ្នេរសមុទ្រជំនួសឱ្យការរៀបការតាមប្រពៃណីវិញ៕
ប្រភព ៖ Daily Mail