បុរសម្នាក់ដាក់តុលក់សំឡីអនាម័យ តែសុខៗបែរត្រូវគេមកជេរស្តីថាលក់របស់អពមង្គលកណ្តាលវាល
រឿងរ៉ាវរបស់ម្នាក់ ដែលដាក់តុលក់សំឡីអនាម័យ តែសុខៗត្រូវគេមកជេរស្តីឱ្យ ចោទថាលក់របស់អពមង្គល បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ព្រោងព្រាត។
រឿងរ៉ាវនេះ បានកើតឡើងនៅខេត្តហ៊ូណាន ប្រទេសចិន ដោយមានបុរសវ័យក្មេងម្នាក់ បានដាក់តុលក់សំឡីអនាម័យជាច្រើនប្រភេទនៅតាមផ្លូវ។ អង្គុយលក់សុខៗ ស្រាប់តែលេចមុខបុរសម្នាក់ទៀត មិនដឹងមកពីណាក៏ដើរចូលមក បោះសម្តីសួរយ៉ាងមិនសមរម្យថា ហេតុអ្វីបានជាលក់របស់អពមង្គលយ៉ាងនេះ ហើយថែមទាំងហៅបុរសវ័យក្មេង ថាជាមនុស្សរោគចិត្ត ព្រមទាំងឱ្យរើអីវ៉ាន់ចេញភ្លាមៗទៀតផង។ យ៉ាងណាមិញ បុរសជាអ្នកលក់ មិនព្រមរើចេញនោះទេ ហើយបុរសរូបនោះក៏បានព្យាយាមអុកឡុកដោយធ្វើឱ្យសំឡីអនាម័យលើតុរប៉ាត់រប៉ាយ។
បុរសជាអ្នកលក់ ពិតជាកើតការភ្ញាក់ផ្អើល និង ហួសចិត្តខ្លាំងណាស់ ចំពោះហេតុការណ៍នេះ តែដោយសារតែមិនចង់មានរឿងវែងឆ្ងាយ ទើបមិនបានទូរស័ព្ទទៅប្តឹងអាជ្ញាធរឡើយ។ ដោយឡែក ចំពោះមូលហេតុដែលដាក់លក់សំឡីអនាម័យបែបនេះ បុរសរូបនោះបានឱ្យដឹងថា ព្រោះតែខ្លួនចង់ឱ្យសង្គម ជាពិសេសបុរសៗមើលមកថា ការមករដូវជារឿងធម្មតា និង ចង់ឱ្យយល់ដឹងពីវាឱ្យបានច្រើន។ ចំណែកបុរស ជាអ្នករករឿងនោះវិញ គឺជាអ្នកលក់អីវ៉ាន់នៅក្បែរនោះ តែប្រហែលជាអ្នកមានគំនិតចាស់បុរាណ ទើបមកមើលថា ការលក់សំឡីអនាម័យនៅតាមទីសារធារណៈ គឺជារឿងអពមង្គលបែបនេះ៕