ដឹងតែសប្បាយហើយ! ខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នៅខែក្រោយនេះ
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះសារបង្ហោះមួយចំនួនពាក់ព័ន្ធនឹងការប្រណាំងទូកប្រពៃណីនៅក្នុងខេត្តបាត់ដំបង។
ជាក់ស្ដែង សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅក្នុងខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ សហព័ន្ធនឹងមានរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ មានទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» លើកទី ១០ ប្រចាំឆ្នាំ ២០២៣។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធបានឱ្យដឹងថា ការរៀបចំការប្រកួតកីឡាទូកប្រពៃណីលើកទី ១០ ឆ្នាំ ២០២៣ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលនឹងមានប្រភេទកីឡា និង វិញ្ញាសាដូចជា ៖
១. ទូកប្រពៃណីខ្នាតអន្តរជាតិ (TBR)
២. ទូកផ្កាចារ ខ្នាតអន្តរជាតិ
៣. ទូកកានូ-ការយ៉ាក់ និង ទូករ៉ូអ៊ីង (Canoe-Kayak & Rowing)
ដោយឡែក សម្រាប់ការដាក់ពាក្យចូលរួមនឹងចាប់ទទួលពីថ្ងៃជូនដំណឹងតទៅរហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៥ នាទីល្ងាចនៅទីស្នាក់ការសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា (អគារលេខ ១ នៃគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា ជាន់ទី ៣ បន្ទប់លេខ ៣)៕
ប្រភព និង រូបភាពពី ៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា