បែកធ្លាយ CEO ក្រុមហ៊ុន OceanGate ប្រើសិស្សហាត់ការឱ្យច្នៃប្រព័ន្ធអគ្គិសនីសម្រាប់នាវាមុជទឹក Titan
ស្ថាបនិកក្រុមហ៊ុន OceanGate លោក Stockton Rush តាមពិតបានធ្វើការជួលនិស្សិតហាត់ការ ដើម្បីច្នៃប្រព័ន្ធអគ្គិសនីឱ្យនាវាមុជទឹក Titan មុននាវានេះ បានផ្ទុះក្រោមសមុទ្រ សម្លាប់មនុស្ស ៥ នាក់ ដោយរួមទាំងលោកម្នាក់ផងដែរ នេះបើតាមការបែកធ្លាយនៃរបាយការណ៍ថ្មីមួយ។
តាមសារព័ត៌មាន The New Yorker បានឱ្យដឹងថា លោក Rush បានជួលនិស្សិតមកពីមហាវិទ្យាល័យ Washington State ឱ្យធ្វើការលើប្រព័ន្ធដ៏ស៊ាំញ៉ាំនៃនាវាមុជទឹកនេះ ដោយមិនខ្វល់ពីការព្រមានជុំវិញសុវត្ថិភាពនៃនាវានោះឡើយ ខណៈគិតលុយពីអ្នកទេសចរអភិជនៗ ក្នុងម្នាក់ ២៥ ម៉ឺនដុល្លារ ដើម្បីទស្សនាខ្មោចកប៉ាល់ទីតានិច។
ថ្លែងបញ្ជាក់ក្នុងឯកសារមហាវិទ្យាល័យកាលពីខែកុម្ភៈ ក្នុងឆ្នាំ ២០១៨ អតីតនិស្សិតហាត់ការម្នាក់បានរៀបរាប់ថា៖ «ប្រព័ន្ធអគ្គិសនីទាំងស្រុង គឺជាស្នាដៃច្នៃឡើងរបស់ពួកយើង យើងបានធ្វើវា ហើយវាពិតជាដំណើរការមែន»។ លោកបានបន្ថែមទៀតថា៖ «ពួកយើងកំពុងឈានទៅរកការបង្កើតប្រវត្តិសាស្ត្រ ហើយរាល់ប្រព័ន្ធរបស់ពួកយើង ក៏កំពុងដំណើរការចុះទៅរកកប៉ាល់ទីតានិច។ អារម្មណ៍នេះពិតជាអស្ចារ្យណាស់»៕
ប្រភព៖ NyPost