លូទប់មិនឈ្នះទេ! ភ្លៀងយប់មិញមានកម្ពស់ ១៥៣មម ខ្ពស់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ
កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ បណ្ដាខណ្ឌមួយចំនួន ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាខ្លាំង បង្កឱ្យមានការជន់លិចផ្លូវ ផ្ដល់នូវការលំបាកក្នុងការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពផ្លូវ ដែលមានការជន់លិចជាគំហុកបែបនេះ។
ក្រោយពីមានការជន់លិចនៅបណ្ដាខណ្ឌមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ទឹកភ្លៀងធ្លាក់ខ្លាំង នៅល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ មានកម្ពស់រហូតដល់ ១៥៣ មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ទើបប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥ នៅតំបន់កណ្តាលក្រុង រួមមាន ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌពោធិ៍សែនជ័យ ជាដើម។
ក្នុងនោះ រដ្ឋបាលរាជធានីបានបញ្ជាក់ឱ្យដឹងទៀតថា ជាមួយនឹងប្រសិទ្ធិភាពនៃកំណើន ៣ ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤ កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាន និង កំពុងស្រកយ៉ាងលឿន។ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងការកាយសំរាមស្ទះទឹកនៅមុខចម្រឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន៕