កូនក្រមុំបងអើយ! ពីយប់ដាក់រាងជ្រុល ដល់ព្រឹកថ្ងៃចូលរោងការ អ្នកផាត់មុខដាស់មិនខ្ចីភ្ញាក់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមវៀតណាម ក្រោយមានករណីកូនក្រមុំកំពូលខ្ជិល ត្រូវអ្នកផាត់មុខដាស់មិនខ្ចីងើប បង្ខំចិត្តផាត់មុខឱ្យទាំងនៅដេកលើគ្រែយ៉ាងហួសចិត្ត និងគួរឱ្យអស់សំណើច។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Docbao បានឱ្យដឹងថា៖ «ក្រុមអ្នកផាត់មុខមួយក្រុម បានមកដល់ផ្ទះកូនក្រមុំតាំងពីម៉ោង ២ ភ្លឺ ដើម្បីរៀបចំខ្លួនផាត់មុខជូនកូនក្រមុំ អ្នកកំដរ និងសាច់ញាតិមួយចំនួន។ យ៉ាងណាមិញពេលមកដល់ គេឃើញកូនក្រមុំភ្ញាក់ងើបមើលមួយភ្លែតហើយក៏ដេកលក់ទៅវិញយ៉ាងខ្ជិលច្រអូស ដែលបង្ខំចិត្តឱ្យអ្នកផាត់មុខដាស់ជាច្រើនលើកច្រើនសា»។
«ដោយដាស់មិនព្រមងើបពេក អ្នកផាត់មុខក៏អស់ទ្រាំ ទៅអង្គុយជូតមុខ និងផាត់ឱ្យទាំងកំពុងដេកលក់ លុះផាត់បានមួយសន្ទុះទើបកូនក្រមុំស្ទុះងើបឡើង ហើយគ្រប់គ្នាក៏សើច»។
បន្ថែមពីនេះ គេបានដឹងទៀតថា ហេតុផលពិតប្រាកដនៃការគេងមិនភ្ញាក់របស់កូនក្រមុំនេះ គឺដោយសារយប់មិញនាងបានផឹកស្រាជួបជុំជាមួយសាច់ញាតិ ហើយអស់កម្លាំងពេក ទើបបានគេងបន្ដិច ហើយក៏ភ្ញាក់រលីវៗដោយគិតថា អ្នកផាត់មុខនឹងដាស់អ្នកផ្សេងហើយផាត់មុន។ តែពេលកំពុងលក់ មានអារម្មណ៍ថារមាស់ច្រមុះ ហើយរសើបមុខ ទើបភ្ញាក់ឡើងព្រោះស្មានតែសត្វអ្វីវាកាត់ ទើបធ្វើឱ្យគ្រប់គ្នាសើច៕