អាយុទើប ១០ ឆ្នាំ ស្ពាយថង់ផ្លែប៉ោមលក់ទោះភ្លៀងខ្លាំងក៏មិនជ្រក តាមពិតមានរឿងរំជួលចិត្តនៅពីក្រោយខ្នង
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីក្មេងប្រុសអាយុ ១០ ឆ្នាំ រត់ទៅមកលក់ផ្លែប៉ោមទាំងកណ្ដាលភ្លៀងមិនព្រមចូលជ្រក ព្រោះតែចង់លក់ឆាប់អស់ឆាប់បានទៅផ្ទះ។
រឿងនេះបានកើតឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយបុរសម្នាក់បានជួបក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ដែលលក់ផ្លែប៉ោមតាមផ្លូវទាំងកណ្ដាលភ្លៀងអំឡុងពេលជ្រកភ្លៀង ហើយក៏បានឃាត់សួរមូលហេតុ។ ក្មេងប្រុសបានឆ្លើយថា ៖ «ខ្ញុំមិនត្រូវបានអ្នកណាបង្ខំឱ្យមកលក់ទេ គឺខ្ញុំជួយលក់ម្ដាយខ្ញុំ ម្ដាយខ្ញុំគាត់លក់ផ្លែឈើទាំងនេះ ហើយប្អូនប្រុសខ្ញុំឈឺនៅមន្ទីរពេទ្យ។ ខ្ញុំមិនចង់បានលុយដោយការសុំទាន សុំលុយគេទេ។ ខ្ញុំគ្រាន់តែចង់ជួយលក់ម៉ែឱ្យឆាប់អស់ ហើយឆាប់បានទៅផ្ទះតែប៉ុណ្ណោះ»។
ក្រោយឮចម្លើយរបស់ក្មេងប្រុស បុរសដែលជួបក្មេងនោះក៏បានធ្វើការជួយទិញផ្លែប៉ោមទាំងអស់ ធ្វើឱ្យគេស្រក់ទឹកភ្នែក ព្រោះតែរំជួលចិត្តខ្លាំងពេក មុននឹងចេញទៅទាំងសប្បាយចិត្តនៅកណ្ដាលភ្លៀងធ្លាក់ជោកជាំ៕