រសៀលថ្ងៃ ២៧ នេះ មានអាចម៍ផ្កាយដ៏ធំមួយធ្វើដំណើរក្នុងល្បឿនលឿនមកកាន់ភពផែនដី
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ នេះសារព័ត៌មាន Daily Mail បានចុះផ្សាយថា អាចម៍ផ្កាយអវកាសដ៏ធំមួយកំពុងធ្វើដំណើរមកកាន់ភពផែនដីក្នុងល្បឿនដ៏លឿន។
តាមប្រភពបានឱ្យដឹងថា អង្គការ NASA បាននិយាយថា អាចម៍ផ្កាយ ដែលមានឈ្មោះថា 2013 WV44 នឹងហោះកាត់ភពផែនដីនៅម៉ោងប្រហែលជា ៩ ព្រឹកថ្ងៃទី ២៨ ខែមិថុនាខាងមុខនេះ (ម៉ោង ៣ រសៀលថ្ងៃទី ២៧ ខែមិថុនា នៅកម្ពុជា)។ ហើយអាចម៍ផ្កាយនេះត្រូវបានគេប៉ាន់ស្មានថា មានអង្កត់ផ្ចិតរហូតដល់ ១៦០ ម៉ែត្រ ដែលនេះមានទំហំធំជាង London Eye (១៣៥ ម៉ែត្រ) និង Big Ben (៩៦ ម៉ែត្រ) ទៅទៀត ដោយវានឹងធ្វើដំណើរក្នុងល្បឿន ១១.៨ គីឡូម៉ែត្រក្នុងមួយវិនាទី ឬប្រហែលជា ៣៤ ដងនៃល្បឿនសំឡេង។
មិនតែប៉ុណ្ណោះ អង្គការ NASA ក៏បាន និង កំពុងតាមដានដែរថា អាចម៍ផ្កាយនេះមិនអាចចូលជិតផែនដីបានទេ ប៉ុន្តែវាត្រូវបានគេចាត់ថ្នាក់ថា វត្ថុមួយដ៏ជិតភពផែនដីបំផុតមួយ (NEO)។ ហើយ NEO នេះដែរត្រូវបានកំណត់ថាស្ថិតក្នុងចម្ងាយ ២៧.៨ លានម៉ាយពីគន្លងរបស់ភពផែនដី។
គួរបញ្ជាក់ដែរថា អាចម៍ផ្កាយ ដែលគេស្គាល់ថាធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលគឺ អាចម៍ផ្កាយ Ceres ដែលមានអង្កត់ផ្ចិត ៥៨០ ម៉ាយ (ជាង ៣ លានហ្វីត) ពោលគឺមានទំហំធំល្មមសម្រាប់មនុស្សរស់នៅ។ ជាមធ្យម ភពផែនដីត្រូវបានវាយប្រហារ ដោយអាចម៍ផ្កាយ ដែលមានទំហំប៉ុនទីលានបាល់ទាត់រៀងរាល់ ៥០០០ ឆ្នាំម្តង៕
ប្រភព ៖ Daily Mail