ស្រស់ស្អាតខ្លាំង! រូបសំណាក ឧកញ៉ា ឃ្លាំងមឿង សង់នៅសួនច្បារថ្មីឯពោធិ៍សាត់ ជិតរួចរាល់ហើយ ត្រដឹមត្រដែតណាស់
អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានបង្ហោះរូបភាពជាច្រើនបង្ហាញពីសួនមានរូបសំណាកអ្នកតា ឃ្លាំង មឿង ព្រមទាំងបានបញ្ជាក់ឱ្យដឹងថា សួនថ្មី រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង ត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរហើយ នៅឡើយតែការរៀបចំបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ។
បើតាមប្រវត្តិសាស្ត្រ លោកតា ឃ្លាំង មឿង ជាមេទ័ពមួយរូប ដ៏ល្បីល្បាញនៅក្នុងសម័យលង្វែក អ្នកណាក៏តែងតែក្រែងញញើតពីអនុភាពរបស់លោកតា ឃ្លាំង មឿង ដែរ។ លោកតា ឃ្លាំង មឿង បានធ្វើសង្គ្រាមនៅក្នុងសមរភូមិមិនដែលទទួលបរាជ័យសូម្បីតែមួយលើក ធ្វើឱ្យព្រះបាទ ច័ន្ទរាជា ទ្រង់បានសព្វព្រះរាជហរទ័យត្រាសបង្គាប់ឱ្យឧកញ៉ា ឃ្លាំង មឿង ជាមេទ័ពសេនាដៃស្ដាំរបស់ព្រះអង្គរហូតមក ។ នៅថ្ងៃមួយព្រះបាទ ច័ន្ទរាជ ក៏បានត្រាស់បង្គាប់ ឧកញ៉ា ឃ្លាំង មឿង ឱ្យចេញទៅធ្វើសង្គ្រាមការពារខេត្តដែលនៅជាប់ព្រំប្រទល់សៀម ដោយសារតែពួកសៀមវាយសម្រុកចូលមកលឿនពេក ហើយក៏បានដណ្ដើមយកខេត្តបាត់ដំបងបាន ហើយពួកសៀមបម្រុងវាយយកខេត្តពោធិ៍សាត់មួយខេត្តទៀត ទើបធ្វើឱ្យឧកញ៉ា ឃ្លាំង មឿង បោះជំរុំនៅក្នុងខេត្តពោធិ៍សាត់ ។
ការវាយលុក និង ការឡោមព័ទ្ធ របស់មេទ័ពសៀមអស់រយៈពេលជាយូរខែយូរថ្ងៃក៏នៅតែមិនបានសម្រេច ធ្វើឱ្យឧកញ៉ា ឃ្លាំង មឿង បាត់បង់កងទ័ពអស់ជាច្រើននាក់ ការសុំកងទ័ពជំនួយក៏មិនទាន់មកដល់ ហើយឧកញ៉ា ឃ្លាំង មឿង ក៏បានសម្រេចចិត្តសរសេរសារលិខិតទៅថ្វាយព្រះបាទ ច័ន្ទរាជា ម្ដងទៀត ដោយមានអត្ថន័យថា (បពិតព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំសូមថ្វាយជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកធ្វើចម្បាំងដណ្ដើមយកទឹកដី ដែលបានបាត់បងមកវិញ)។ ឧកញ៉ា ឃ្លាំង មឿង សរសេរសារថ្វាយរួចហើយ ក៏បានបញ្ជាកូនទាហានទៅជីករណ្ដៅដែលមានជម្រៅរហូតដល់ ៣ ម៉ែត ហើយនៅក្នុងរណ្ដៅនោះត្រូវដាំសុទ្ធតែកាំបិត និង ចម្រូងឫស្សីយ៉ាងមុតស្រួច។
ឧកញ៉ា ឃ្លាំង មឿង បានលោតចូលទៅក្នុងរណ្ដៅភ្លាមមួយរំពេច ស្រាប់តែពេលនោះមានភរិយា ព្រមទាំងកូនប្រុសរបស់គាត់ ក៏បានលោតចូលទៅក្នុងនោះផងដែរ ហើយក៏មានមេទ័ព ជំនិត ២ នាក់ក៏ហ៊ានលះបង់ជីវិតទៅតាមបម្រើឧកញ៉ា ឃ្លាំង មឿង។ ឧកញ៉ា ឃ្លាំង មឿង បានលះបង់ជីវិតទាំងគ្រួសារដើម្បីការពារទឹកដីខ្មែរ។
លុះ ៣ ថ្ងៃក្រោយមក នាពេលយប់ខែភ្លឺមួយ ស្រាប់តែមានសំឡេងពិណ្យពាទ្យ និង មានសំឡេងស្រែកហ៊ោកញ្ជ្រាវរបស់កងទ័ពខ្មោច ដែលឧកញ៉ា ឃ្លាំង មឿង បានទៅកេណ្ឌក៏បានមកដល់ ហើយធ្វើឱ្យកងទ័ពសៀមចុកពោះ រាករូសគ្មានកម្លាំង ក្រោកឈរទៅណាក៏មិនរួច លុះដល់ពេលព្រឹកឡើងកងទ័ពរបស់ឧកញ៉ា ឃ្លាំង មឿង ដែលនៅរស់ទាំងអស់ ក៏បានចូលទៅចាប់ចងកងទ័ពសៀមទាំងអស់ ដែលបានឡោមព័ទ្ធកងទ័ពឧកញ៉ា ឃ្លាំង មឿង។
ចាប់តាំងពីពេលនោះមកស្នាដៃរបស់ឧកញ៉ា ឃ្លាំង មឿង ក៏បានចារទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏មានប្រជាពរដ្ឋជាច្រើនមកគោរពបូជាចំពោះឧកញ៉ា ឃ្លាំង មឿង មកដល់សព្វថ្ងៃ៕