បង្កើតកូនបាន ២ ខែ លេងដឹកដៃប្ដីប្រពន្ធរត់ចោលស្រុក ហើយទុកកូនតូចឱ្យជីដូនជរាក្រីក្រ វ័យ ៨០ ឆ្នាំចិញ្ចឹម
រឿងរ៉ាវហួសចិត្តមួយកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្ដាញសង្គមថៃ ក្រោយមានករណីប្ដីប្រពន្ធមួយគូចិត្តដាច់រត់ចោលស្រុកចោលកូន ទុកឱ្យយាយវ័យ ៨០ ឆ្នាំ ដែលមិនអាចធ្វើការបាន ហើយគ្មានទ្រព្យចិញ្ចឹមយ៉ាងលំបាក។
ហេតុការណ៍នេះ បានកើតឡើងនៅឯភូមិ Thap Krit ស្រុក Chum Saeng ខេត្ត Nakhon Sawan ប្រទេសថៃ។ យោងតាមការរៀបរាប់របស់លោកយាយ Rongdut ដែលមានវ័យ ៨០ បានលើកដៃសំពះហើយពោលថា ៖ «ខ្ញុំមិនសុំអ្វីច្រើន សុំត្រឹមតែជួយរកកូន និង កូនប្រសាឱ្យមកជួយមើលកូនវិញ ព្រោះខ្ញុំចាស់ហើយគ្មានលទ្ធភាពទេ ដើរក៏មិនរួច ទឹកដោះក៏គ្មាន ហើយក្មេងនឹងពិបាកវេទនាមិនខាន បើគ្មានអ្នកមើល»។
«កាលពីមិនទាន់មានកូន ពួកគេរស់នៅហូបចុកជាមួយខ្ញុំ ដោយពួកគេធ្វើការនៅហាងលក់សម្ភារសំណង់ ដោយប្ដីមិនសូវធ្វើការជាប់លាប់ទេ ព្រោះញៀនល្បែង ចូលចិត្តលេងស្នូកឃ័រ។ មួយថ្ងៃអាចរកចំណូលបាន ៦០០ បាត តែរកមួយថ្ងៃហូបមួយថ្ងៃ ហើយក៏ជំពាក់បំណុលគេច្រើន ព្រោះលេងល្បែង ថ្ងៃខ្លះមានគេមកទារដល់ផ្ទះក៏មាន»។
«ក្រោយកើតកូនរួចប្រពន្ធក៏ធ្វើការលែងកើត លុយក៏មិនមានច្រើន ប្ដីនោះក៏ខ្ជិលមិនចង់ធ្វើការ។ មិនដឹងថាពួកគេមានគម្រោងរត់ចោលស្រុកតាំងពីពេលណាទេ តែសុខៗក៏ទៅបាត់អត់យកកូនទៅជាមួយ ទុកឱ្យខ្ញុំមើល តើខ្ញុំមានលទ្ធភាពអី? ខ្ញុំសង្ឃឹមថាពួកគេនឹងមកយកកូនវិញ បើមិនយកវិញទេ សុំសប្បុរសជនជួយក្មេងផង»៕