
ជាខេត្តមួយប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើន និង តំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗ ជាដើម។
ទន្ទឹមទៅនឹងកន្លែងលម្ហែដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែមួយ ដែលបងប្អូនមួយចំនួនមើលរំលង និង ពុំទាន់បានទៅដល់ ដែលនៅទីនោះមានឈ្មោះថា «ក្រវ៉ាន់រេស៊ីដិន សៀមរាប»។
ស្ថិតនៅភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រវ៉ាន់រេស៊ីដិន សៀមរាប មានទាំងកន្លែងថតរូប កន្លែងញ៉ាំអី ជាពិសេសទេសភាពស្អាតខ្លាំងតែម្ដង អមទៅដោយភ្នំ មានខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយគួរជាទីមនោរម្យក្រៃលែង។
បន្ថែមលើសពីនេះ ប្រិយមិត្តក៏អាចជិះទូកកាយ៉ាកកម្សាន្តលើផ្ទៃទឹកផងដែរ ខណៈព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ 096 916 9024/0976780710៕
រូបភាព ៖ kravan SiemReap