អីយ៉ាស់! សុខៗ Elon Musk បបួល Mark Zuckerberg ណាត់ប្រកួតប្រដាល់ក្នុងទ្រុង សាកកម្លាំងគ្នាលេង
មួយរយៈក្រោយនេះ បណ្ដាញសង្គម Twitter និង Instagram ហាក់ផ្ទុះកក្រើកខ្លាំង ក្រោយស្ថាបនិករបស់ Meta លោក Mark Zuckerberg បានឆ្លើយតបយល់ព្រមតាមសំណើរណាត់ជួបប្រដាល់ក្នុងទ្រុងពីសំណាក់មហាសេដ្ឋី Elon Musk។
ដើមហេតុនៃការកើតរឿងនេះឡើង ផ្ដើមចេញពីមហាសេដ្ឋី Elon Musk បានឆ្លើយតប ទៅព័ត៌មានមួយដែលបានចុះថា៖ «Facebook គ្រោងវិវឌ្ឍន៍ខ្លួនទៅមុខដើម្បីជាដៃគូប្រកួតប្រជែងរបស់ Twitter»។ ហើយ Elon Musk បានសរសេរថា៖ «ខ្ញុំត្រៀមរួចរាល់ក្នុងការប្រដាល់ក្នុងទ្រុង បើសិនជា Mark ព្រម»។
ក្រោយ Elon Musk បង្ហោះសារនេះ ក៏មានមហាជនចូលបញ្ចេញមតិថាឱ្យ Elon ប្រយ័ត្នខ្លួនដោយសារ Mark ធ្លាប់ហាត់រៀនកីឡា Jujutsu ហើយឱ្យ Elon Musk គួរតែទៅចាប់ផ្ដើមហាត់រៀនមុនប្រកួត។
យ៉ាងណាមិញ រំលងបាន ២ ថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ក៏បានធ្វើការឆ្លើយតបទៅ Elon Musk ដោយសរសេរសារថា៖ «ផ្ញើ Location ឱ្យខ្ញុំមក»៕
ប្រភព៖ 9GAG