ថ្មីចេស! ព្រលានយន្ដហោះនៅ San Francisco ជួលឆ្មា ឱ្យមកជួយអ្នកដំណើរណាម្នាក់ដែលខ្លាចខ្ពស់
ព្រលានយន្តហោះនៅ San Francisco បានកើតគំនិតដ៏គួរឱ្យចាប់អារម្មណ៍មួយ ដើម្បីជួយសម្រួលដល់អ្នកដំណើរដែលមានការភ័យខ្លាច ក្នុងការហោះហើរ។
គំនិតថ្មីគួរឱ្យសរសើរនេះដែរ គឺពួកគេបានជួលបុគ្គលិកថ្មី ដែលជាសត្វឆ្មាដ៏គួរឱ្យស្រឡាញ់មួយក្បាល អាយុ ១៤ ឆ្នាំ ឈ្មោះថា Duke។ រូបភាពក្នុងឯកសណ្ឋានជាបុគ្គលិកនៅព្រលានយន្តហោះរបស់ Duke ត្រូវបានមន្ត្រីបម្រើការនៅព្រលាន ថត និង ចែកចាយលើបណ្ដាញសង្គម Twitter ដែលធ្វើឱ្យមហាជនជាច្រើនគាំទ្រ និង ពេញចិត្តជាខ្លាំង។
តាមរយៈរូបភាពដែលបង្ហោះនោះ បង្ហាញឱ្យឃើញថា សត្វឆ្មាពណ៌ខ្មៅលាយសមួយក្បាល ក្នុងឈុតឯកសណ្ឋានបុគ្គលិកព្រលាន អមទៅដោយមួកតូចរបស់អ្នកបើកបរយន្តហោះ មើលទៅគួរឱ្យស្រឡាញ់ខ្លាំងបំផុត។ វត្តមានរបស់ Duke នេះដែរ គឺប្រាកដណាស់ជាអាចជួយសម្រួលដល់អ្នកដំណើរដែលមានការភ័យខ្លាច ឱ្យរីករាយពេលពួកគេកំពុងធ្វើដំណើរបាន៕
ប្រភព៖ Mirror