ចែកគ្នាដឹង! អ្នកមានបញ្ហារឿងរឹបអូសយកផ្ទះ ក្រោយខកខានបង់ប្រាក់ អាចរាយការណ៍ និង សុំអន្តរាគមន៍បានតាមរយៈ ន.អ.ប
កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ បានចេញសេចក្ដីជូនដំណឹងមួយថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ សូមឱ្យពលរដ្ឋដែលមានបញ្ហាទិញលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដូរ) ហើយត្រូវម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុរឹបអូសយកអាចជូនដំណឹងជាបន្ទាន់មកកាន់ ន.អ.ប ដើម្បីធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោង។
ជាក់ស្ដែង នៅក្នុងសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ បានបញ្ជាក់ជាព័ត៌មានដល់អតិថិជនទាំងអស់ ដែលបានទិញលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុរឹបអូសយកវិញនូវលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ អាចជូនដំណឹងទៅ ន.អ.ប ជាបន្ទាន់បាន ដើម្បីសម្រប់សម្រួលជាមួយម្ចាស់គម្រោង ដោយអតិថិជនអាចទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬ តេឡេក្រាមលេខ ០១២ ៣៩៣ ៧២៧ / ០៩៩ ៩៨០ ៤៩៩ ឬ ០៦៩ ៥១៧ ១៨៦ ។
បន្ថែមពីនេះ អតិថិជនក៏អាចអញ្ជើញទៅដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារលេខ ១៦៨ F ជាន់ទី ៧ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គួរដឹងដែរថា ន.អ.ប ក៏បានបញ្ជាក់ទៀតថា នឹងតាមដានព័ត៌មានពាក់ព័ន្ធនឹងកិច្ចការទាំងអស់នេះតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមផងដែរ៕