ពិការមែនពិត តែតស៊ូស្ពាយនំ ស្ពាយបង្អែម ដើរលក់ត្រុកៗតាមផ្លូវ យកលុយចិញ្ចឹមជីវិត
មនុស្សយើងកើតមករស់នៅជាមួយភាពក្រីក្រ វាជារឿងមួយលំបាកទៅហើយ តែអ្វីដែលគួរឱ្យឈឺចាប់ និង កាន់តែលំបាកនោះគឺពុំមានកាយសម្បទាគ្រប់គ្រាន់ ពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ តម្រូវឱ្យកាន់តែមានភាពអត់ធ្មត់ និង តស៊ូនៅក្នុងជីវិត។
នេះដូចទៅនឹងករណីបុរសម្នាក់ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម សម្ដែងក្ដីរំជួលចិត្ត ដោយសារតែបុរសរូបនេះពិការដៃទាំងសងខាង តែមិនចុះចាញ់នឹងជីវិតតស៊ូខំប្រឹងស្ពាយនំបង្អែមមួយកញ្ច្រែងដើរលក់ ដើម្បីបានកម្រៃចំណេញបន្តិចបន្តួច យកទៅចិញ្ចឹមជីវិត គួរឱ្យអាណិត។
រូបភាពបុរសដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ រិទ្ធ មុន្នី បានបង្ហោះនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ថា ៖ «នេះទើបហៅថាលំបាក ទោះគាត់លំបាកវេទនា តែគាត់តស៊ូដើរលក់នំ ឃើញគាត់ជួយទិញគាត់ផង នំគាត់ឆ្ងាញ់ណាស់ មួយកញ្ចប់តែ 2000៛ ទេ ហើយគាត់ដើរលក់កាត់មុខផ្ទះខ្ញុំរាល់ថ្ងៃ»៕