
តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តែងទទួលស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្តឥតដាច់នោះឡើយ ដោយនៅទីនោះសម្បូរទៅដោយទេសភាពធម្មជាតិមានសម្រស់ស្រស់ត្រកាល មានដើមឈើតូចធំ មានទឹកធ្លាក់គួរឱ្យចង់ងូតលេងកែកម្សាន្ត និង កន្លែងបោះតង់លម្ហែកាយសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងទៀតផង។
ក្រោយក្លាយជាទីកម្សាន្តដ៏ពេញនិយម តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ កាន់តែឆក់បេះដូងអ្នកចង់ធ្វើដំណើរកម្សាន្តជាថ្មី ក្រោយបង្អួតសម្រស់ហាងកាហ្វេថ្មីចែសមួយដែលទើបតែបង្កើតឡើងមានឈ្មោះថា «MicroCafe»។
ស្ថិតនៅលើភ្នំគិរីរម្យ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ «MicroCafe» សាងសង់ឡើងជាប្រភេទកញ្ចក់ បើកទទួលអ្នកទៅកម្សាន្តនៅលើភ្នំគិរីរម្យ ជាពិសេសអ្នកចូលចិត្តទទួលទានកាហ្វេមើលទេសភាព ខណៈក្នុងរដូវវស្សានេះ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពចុះអ័ព្ទ និង ថតរូបលេងកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាមិត្តភក្តិ ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចអង្គុយញាំកាហ្វេមើលថ្ងៃលិច ក៏ដូចជាថតរូបជុំគ្នាជាមួយទិដ្ឋភាពរៀបចំដ៏ស្រស់ស្អាត ខណៈទីតាំងខាងលើ ធ្វើដំណើរពីភ្នំពេញតែមួយម៉ោងកន្លះតែប៉ុណ្ណោះ៕
រូបភាព ៖ MicroCafe