បកស្រាយច្បាស់ៗ ករណីម្ចាស់ទុរេន បង្ហោះវីដេអូអាជ្ញាធរខណ្ឌបើកឡានចុះចាប់ទុរេនបើកទៅខណ្ឌ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយបានជ្រាបករណីអ្នកលក់ទុរេន បង្ហោះវីដេអូ ជិះម៉ូតូតាមឡានអាជ្ញាធរខណ្ឌ បន្ទាប់ពីអាជ្ញាធរខណ្ឌចុះពីលើឡានមក យកទុរេនជាច្រើនផ្លែដាក់លើឡាន ហើយបើកទៅខណ្ឌតែម្ដង។
ទាក់ទិនទៅនឹងរឿងរ៉ាវកំពុងផ្ទុះការចាប់អារម្មណ៍នេះ បើតាមគណនីម្ចាស់ទុរេនដែលមានឈ្មោះ ប្រុសម៉ាប់ កំពត បានបង្ហោះនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ ថា ៖ « មុននេះខ្ញុំបានបង្ហោះវីដេអូចោទប្រកាន់អាជ្ញាធរខណ្ឌកំបូល ថាបានយកទុរេនខ្ញុំដែលបានលក់នៅផ្លូវជាតិលេខ៤ មុខតំបន់សេដ្ឋកិច្ចពិសេស។ កន្លងមកសន្តិសុខខណ្ឌ ក៏បានចុះមកណែនាំជារឿយៗផងដែរដល់ពួកខ្ញុំកុំឱ្យលក់តាមដងផ្លូវមុខតំបន់សេដ្ឋកិច្ចព្រោះបង្កការកកស្ទះចរាចរណ៍ និងកុំឱ្យបោះចោលសំរាមផ្តេសផ្តាស»។
ម្ចាស់ទុរេនរូបនេះបានបន្តថា ៖ «បន្ទាប់ពីបានជួបលោកអភិបាលខណ្ឌ និងសន្តិសុខខណ្ឌរួចមក ការពិតពួកគាត់យកទុរេនរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំមកធ្វើកិច្ចសន្យានៅសាលាខណ្ឌកុំឱ្យបោះចោលសម្បកទុរេនផ្តេសផ្តាស ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង បរិស្ថាន មិនមែនយកទៅហូបនោះទេ»។
ចំពោះរឿងនេះផងដែរ បើតាមគណនីលោក ផែង វណ្ណៈ បានបញ្ជាក់ផងដែរថា រឿងចាប់ទុរេននៅខណ្ឌកំបូល បានដោះស្រាយចប់ហើយ ព្រមទាំងអរគុណលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ ដែលបានជួយសម្របសម្រួលបញ្ចប់បញ្ហានេះដោយឈរលើគោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ដោយអ្នកលក់មានកំហុសលក់នៅកន្លែងដែលអាជ្ញាធរហាមឃាត់ ចំណែក សណ្ដាប់ធ្នាប់ខណ្ឌខ្វះការអត់ធ្មត់ ខឹងណែនាំអ្នកលក់ច្រើនដងមិនស្ដាប់ ក៏ចុះចាប់យកទៅខណ្ឌដើម្បីធ្វើកិច្ចសន្យា។ បច្ចុប្បន្នករណីនេះបានសម្របសម្រួលគ្នាចប់ហើយ ដោយលោកអភិបាលខណ្ឌ បានទិញទុរេនយកទាំងអស់តែម្ដង៕