ដំណឹងរីករាយ! ក្រសួងការងារ ស្នើឱ្យនិយោជក បើកប្រាក់ឈ្នួលកម្មករ ឱ្យបានមុនថ្ងៃបោះឆ្នោត
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹង ជូនម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ឱ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ហេតុដូច្នេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី ២២-២៣-២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ទន្ទឹមគ្នានេះ ក្រសួងការងារ បានបញ្ជាក់ឱ្យដឹងបន្ថែមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម៖
១. រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ បងប្អូនកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធ ផ្សេងៗនៅពេលត្រឡប់មកវិញឡើយ។
២. និយោជកត្រូវខិតខំបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖