ក្តៅគគុក! ឃាត់ខ្លួនស្ត្រីជាម្ដាយម្នាក់ អាយុ ៣៩ ឆ្នាំ ពីបទឃាតកម្មលើកូនអាយុទើប ៣ សប្តាហ៍ ដោយបោះចោលក្នុងប្រឡាយទឹក
អង្គភាពការពារកុមារ CPU នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ បានបញ្ជាក់ពីករណីឃាត់ខ្លួនស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់ ពីបទឃាតកម្មទៅលើទារកអាយុ ៣ សប្តាហ៍នៅប្រឡាយទឹក ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈអង្គភាពបានបញ្ជាក់ឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គភាពការពារកុមារ CPU បានធ្វើការឃាត់ខ្លួនស្រ្តីអាយុ ៣៩ ឆ្នាំម្នាក់ ពីបទឃាតកម្មទៅលើទារកអាយុ ២ ទៅ ៣ សប្តាហ៍ ដែលគេបានប្រទះឃើញសាកសពនៅក្នុងប្រឡាយទឹកមួយកន្លែង កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោង ៤ ល្ងាច មានសាកសពទារកមួយ ត្រូវបានគេប្រទះឃើញអណ្តែតផ្កាប់មុខនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈកម្លាំងសមត្ថកិច្ចបានទទួលពត៌មានភ្លាម ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ៕
ប្រភព ៖ CPU