ម៉ាស្រុកមានមួយ! អាងតែផ្ទះនៅផ្លូវទ័ល ពួយតសំយាបធ្វើរោងដាក់ឡានម៉ូតូមិនក្រែងចិត្តអ្នកជិតខាង
ថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុកថៃ ក្រោយមានករណីម្ចាស់ផ្ទះនៅផ្លូវទ័ល សាងសង់សំយាបតចេញមកខាងក្រៅផ្ទះបំពានចំណីផ្លូវ ធ្វើជារោងដាក់ឡានម៉ូតូ ដោយមិនមានក្រែងចិត្តអ្នកជិតខាងដែលរស់នៅក្បែរៗសោះឡើយ។
រឿងនេះបានកើតឡើងនៅឯភូមិ Bang Khua Rat ស្រុក Bang Bua Thong ខេត្ត Nonthaburi ប្រទេសថៃ។ តាមការរៀបរាប់បានឱ្យដឹងថា ផ្ទះនេះគឺបានសាងសង់តាំងពីឆ្នាំ ១៩៩៨ ជាកម្មសិទ្ធិរបស់ជីតាចាស់ម្នាក់ ក្រោយមកលោកតានោះបានស្លាប់ ហើយក៏គ្មានមនុស្សនៅ ៣-៤ ឆ្នាំ ទើបមានម្ចាស់ថ្មី។
ក្រោយម្ចាស់ថ្មីចូលមកនៅបានតែជាង ៣ ឆ្នាំ ស្រាប់តែមានការលួចយកចំណីផ្លូវធ្វើជាកម្មសិទ្ធិដោយសាងសង់រោងដាក់ឡានម៉ូតូមុខផ្ទះ មិនញញើត ឬ ក្រែងចិត្តអ្នកជិតខាង និង អ្នកផ្ទះទល់មុខគ្នាបន្ដិចសោះឡើយ ដោយអាងតែផ្លូវនេះ ជាផ្លូវទ័លមិនសូវមានមនុស្សចេញចូល។
អ្នកជិតខាងម្នាក់ឈ្មោះថា Morn បានថ្លែងប្រាប់ថា ៖ «ម្នាក់ៗហួសចិត្តរកពាក្យនិយាយមិនចេញ ពួកយើងបានរាយការណ៍ដល់ភូមិស្រុកឱ្យចុះមកពិនិត្យម្ដងហើយ ប៉ុន្ដែមានតែការព្រមានមិនមានការអនុវត្តច្បាប់ធ្ងន់ធ្ងរ ឬ ចាប់រុះរើសោះឡើយ ហេតុដូចនេះម្នាក់ៗបានត្រឹមអង្គុយមើល។ បើថាគេតចេញក្រៅបន្ដិច វាអាចនៅយោគយល់គ្នាបាន តែនេះពាក់កណ្ដាលផ្លូវទៅហើយ ហើយសង់ជារោងដែកថែមទាំងដាក់ផើងផ្កាមកឃាំងធ្វើជាកម្មសិទ្ធិផ្ដាច់មុខទៀត។ នៅពេលប្ដឹងលើកមុន ខាងមន្ត្រីបានចុះមកព្រមាន ឃើញមានដកផើងផ្កាចេញ តែមិនយូរប៉ុន្មានក៏ដូចដើម ហេតុដូចនេះទើបសម្រេចចិត្តចែករំលែកចង់ឱ្យមហាជនបានដឹងថាធ្វើបែបនេះតើសមទេ? ហើយសង្ឃឹមថានឹងមានការអន្តរាគមន៍ពីថ្នាក់លើ»៕