ភ័យស្លន់ស្លោ! ដំរីព្រៃនៅថៃ ចេញអុកឡុកតាមផ្លូវ ផ្អើលអ្នកដំណើរគេចសឹងមិនទាន់
ថ្មីៗនេះ មានដំរីព្រៃមួយក្បាលនៅថៃ ចេញមកអុកឡុកនៅតាមផ្លូវ បង្កជាការជ្រួលច្របល់ដល់អ្នកដំណើរជាច្រើន នាំគ្នាបត់ឡានគេចសឹងមិនទាន់។
ហេតុការណ៍មួយនេះ បានកើតឡើងនាផ្លូវនៅឧទ្យានជាតិ Khao Yai នាខេត្តណាក់ខនរាឆៈស៊ីម៉ា ហើយបើតាមសាក្សីបានឱ្យដឹងថា ខណៈកំពុងធ្វើដំណើរឡើងដល់ភ្នំ គេស្រាប់តែប្រទះឃើញដំរីមួយក្បាល អាយុប្រមាណ ១៨ ទៅ ១៩ ឆ្នាំ មិនមានភ្លុក បានដើរចេញមកពីព្រៃក្បែរនោះ រួចសម្តៅមកកណ្តាលផ្លូវ។ ក្រោយពីឃើញបែបនេះហើយ អ្នកដំណើរទាំងប៉ុន្មាន ក៏នាំគ្នាបត់ឡានគេចសឹងទាំងអស់ ព្រោះតែខ្លាចដំរីមួយក្បាលនេះរត់មកជាន់ ឬប៉ះពាល់ តែបត់ទៅមិនទាន់ឡើយ ព្រោះស្ទះពេញផ្លូវតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីរត់លេងពេញផ្លូវបានមួយសន្ទុះ វាក៏បានដើរចូលទៅព្រៃវិញបាត់ទៅ ដោយមិនបានបង្កគ្រោះថ្នាក់អ្វីឡើយ ហើយអ្នកដំណើរក៏បានធ្វើដំណើរវិញជាធម្មតា ឯអាជ្ញាធរនៅទីនោះ ក៏បានបញ្ជាក់ដែរថា ដំរីព្រៃនៅទីនេះសុទ្ធតែស្លូតៗ មិនដែលបង្ករឿងក្តៅក្រហាយនោះទេ កុំឱ្យតែមានអ្នកធ្វើឱ្យវាភ័យទៅបានហើយ៕