ស្ងាត់ៗ ហេង យិន បញ្ចប់ការសិក្សាផ្នែកច្បាប់យ៉ាងជោគជ័យ និង បង្ហោះសារមានន័យមួយឃ្លា
នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងបញ្ចេញមតិអបអរសាទរព្រោងព្រាត ក្រោយលោក ហេង យិន ដែលមានរហស្សនាម ចំប៉ីខ្មៅ បានបង្ហោះរូបភាពពាក់ឈុតទទួលសញ្ញាប័ត្រ ជាមួយក្រុមគ្រួសាររបស់ខ្លួន។
បើតាមការឱ្យដឹងពីសាម៉ីខ្លួន ចំប៉ីខ្មៅ បានបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងបានទទួលនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅអគារកោះពេជ្រ។
ដោយក្ដីមោទនភាព និងអំណររីករាយ លោក ហេង យិន បានបង្ហោះរូបទទួលសញ្ញាប័ត្រជាមួយអ្នកម្ដាយជាទីស្រឡាញ់ ព្រមទាំងបញ្ជាក់ថា៖ «អ៊ីលក់គុយទាវ និងបបរ នៅខេត្តព្រះវិហារ មានកូនចប់បរិញ្ញាបត្រច្បាប់ គាត់គ្មានចំណេះដឹង មិនចេះសូម្បីតែអានអក្សរ បណ្ដុះកូនបានដល់ចប់ឧត្តមសិក្សា កុំមើលងាយគាត់ណា គាត់នេះហើយ ជាអ្នកបណ្ដុះនូវធនធានមនុស្សកម្ពុជា love you mom»៕