បានត្រឹមសោកស្តាយ! បណ្ដោយឱ្យកូនមើលទូរស័ព្ទដល់ដេកលក់រាល់ថ្ងៃ រហូតកូនកើតមានបញ្ហាភ្នែកធ្ងន់ធ្ងរ
នាពេលថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំងលើបញ្ហាមួយ ដែលបានកើតឡើងលើក្មេងប្រុសម្នាក់ ព្រោះតែការមើលទូរស័ព្ទ។ យោងតាមការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីមួយ បានឱ្យដឹងថា ក្មេងប្រុសម្នាក់បានកើតមានបញ្ហាភ្នែកមួយចំហៀង ឡើងក្រហមរលាក ម្ញ៉ូប និង ពាក់វ៉ែនតា ដោយសារតែការប្រើមើលទូរស័ព្ទហួសដែនកំណត់។
ជាក់ស្ដែង ម្ចាស់សារបង្ហោះដែលមានហ្វេសប៊ុកឈ្មោះ Mini Store បានសរសេរសំណេររៀបរាប់បញ្ជាក់ថា ៖ «ការធ្វេសប្រហែសរបស់ខ្ញុំ ធ្វើឱ្យខ្ញុំសោកស្ដាយជាខ្លាំង ដោយសារតែខ្ញុំមិនមានពេលឱ្យកូន ដោយសារបញ្ហាជីវភាព កូនរពឹស ទារនេះ ទារនោះតាមចិត្ត ឱ្យកូនមើលទូរស័ព្ទរហូតគេងលក់យូរទៅក្លាយជាទម្លាប់អាក្រក់ អត់ទូរស័ព្ទអត់ញ៉ាំបាយ អត់គេង ទើបបណ្ដាលឱ្យភ្នែកចូលក្នុងមួយចំហៀង ឡើងក្រហមរលាក ម្ញ៉ូប ពាក់វែនតា»។
ទន្ទឹមនឹងការបង្ហោះសារជូនជាដំណឹងពីស្ថានភាពបែបនេះ ម្ចាស់សារបង្ហោះក៏បានបញ្ជាក់ជូនដំណឹងដល់អាណាព្យាបាលគ្រប់រូបឱ្យមានការប្រុងប្រយ័ត្ន និង កុំបណ្ដោយឱ្យកូនមើលទូរស័ព្ទខ្លាំងពេក។ ជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនក៏បានចូលទៅបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហានេះដែរ ដោយអ្នកខ្លះបានលើកឡើងពីបញ្ហាស្រដៀងគ្នា ហើយអ្នកខ្លះទៀតលើកឡើងពីបទពិសោធ និង វិធីផ្ដាច់ ឬ កាត់បន្ថយពេលវេលាមើលទូរស័ព្ទរបស់កូនតូចៗ៕