វីរកីឡាការិនី កែ ឡេង កើតឈាមកកក្នុងខួរក្បាល បានបញ្ជូនទៅវះកាត់បន្ទាន់ ពេលនេះកំពុងតាមដានស្ថានភាព
ថ្មីៗនេះអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានដឹងដំណឹងថា វីរកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ ជំនាន់ជាប់ៗគ្នា នៃប្រភេទកីឡាប៉េតង់ កំពុងតែសម្រាកព្យាបាលឈាមកកក្នុងខួរក្បាល ដែលបណ្ដាលមកជំងឺលើសឈាម នៅឯមន្ទីរពេទ្យព្រះកេតុមាលា។
យោងតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកមួយឈ្មោះ Ny Seiha បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ វីរកីឡាការិនី កែ ឡេង បានចេញពីបន្ទប់វះកាត់ហើយ ក្រោយពីវះកាត់ឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យកេតុមាលា បានទទួលជោគជ័យ ហើយពេលនេះកំពុងស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យ។
គួរបញ្ជាក់ដែរថា វីរកីឡាការិនី កែ ឡេង ដែលមានវ័យ ៥៧ ឆ្នាំ ធ្លាប់បានដណ្ដើមបានមេដាយមាសជើងឯកពិភពលោកជូនដល់ជាតិកម្ពុជា សម្រាប់វិញ្ញាសាប៉េតង់ ចំនួន ៤ ជំនាន់ជាប់គ្នា ចាប់ពីឆ្នាំ ២០១៣, ២០១៥, ២០១៧ និង ២០១៩ ហើយក្រោយមកនៅឆ្នាំ ២០២០ កន្លងទៅ ក៏បានប្រកាសបញ្ចប់អាជីព ដោយសារមានបញ្ហាសុខភាព និង អាយុច្រើនមិនអាចមានហ្វឹកហាត់បានគ្រប់គ្រាន់៕