(វីដេអូ) រំជួលចិត្តណាស់! ឈឺធ្ងន់វិះអស់ជីវិត ហើយទើបនឹងកាត់ចេសបាន ៧ ថ្ងៃ តែស៊ូទ្រាំរត់ ១៥០០ ម៉ែត្រ រហូតឈ្នះបានមេដាយជូនជាតិ
ថ្មីៗនេះ កីឡាករម្នាក់ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ កំពុងធ្វើឱ្យមហាជនជាច្រើនរំជួលចិត្ត និង ស្ញប់ស្ញែងចំពោះរូបលោកជាទីបំផុត រហូតធ្វើការបង្ហោះវីដេអូជុំវិញការប្រកួតរបស់លោកព្រោងព្រាតពាសពេញបណ្ដាញសង្គម TikTok។
កីឡាករ នុន ធារ៉ា ដែលជាកីឡាករមានពិការភាពមួយរូប ចូលរួមប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ បាន និង កំពុងទទួលបានការស្ញប់ស្ញែងខ្លាំងពីសំណាក់មហាជន ព្រោះតែទឹកចិត្តតស៊ូរហូតទទួលបានមេដាយសំរិទ្ធជូនជាតិ ទាំងដែលខ្លួនលោកផ្ទាល់កំពុងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
ជាក់ស្ដែង តាមរយៈវីដេអូមួយចំនួនលើ TikTok បានទម្លាយឱ្យដឹងថា កីឡាករ នុន ធារ៉ា គឺមានបញ្ហាសុខភាពស្ទើរបាត់បង់ជីវិត ហើយលោកក៏ទើបតែនឹងកាត់ចេសថ្ងៃទី ២៩ ខែឧសភាកន្លងទៅនោះទេ រហូតថ្នាក់ដឹកនាំហាមមិនចង់ឱ្យលោកចូលប្រកួតឡើយ។ យ៉ាងណាមិញ ដោយទឹកចិត្តឆន្ទៈ លោកបានតស៊ូជម្នះទាំងសុខភាពមិនទាន់ប្រសើរ រហូតទទួលបានមេដាយជូនជាតិ ធ្វើឱ្យគ្រប់គ្នារំជួលចិត្តទប់ទឹកភ្នែកមិនជាប់៕