ផ្ទះដាច់ភ្លើង ឪពុកនាំកូន ២ នាក់ ទៅដេកក្នុងឡានបើកម៉ាស៊ីនត្រជាក់ អកុសលកូនម្នាក់ត្រូវអស់ជីវិត ឯខ្លួនឯង និង កូនម្នាក់ទៀតសង្គ្រោះបន្ទាន់
រឿងរ៉ាវរន្ធត់មួយកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីកូន ២ នាក់ ឪពុកម្នាក់ បាននាំគ្នាទៅគេងក្នុងឡានពេលផ្ទះដាច់ភ្លើង បែរជាជួបហេតុការណ៍នឹកស្មានមិនដល់ ដោយម្នាក់បានបាត់បង់ជីវិត ចំណែកកូនម្នាក់ទៀត និង ឪពុកកំពុងសង្គ្រោះបន្ទាន់។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯទីក្រុង Haiphong ប្រទេសវៀតណាម កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ។ តាមការរៀបរាប់បានឱ្យដឹងថា នៅថ្ងៃកើតហេតុវេលា ម៉ោង ៣ រសៀល ភ្លើងនៅទីក្រុង Haiphong ត្រូវបានកាត់ផ្ដាច់ ខណៈពេលដែលអាកាសធាតុក្ដៅខ្លាំងពេកមិនអាចទ្រាំបាន ឪពុកក៏បបួលកូនៗទាំង ២ នាក់ ដោយកូនស្រីអាយុ ២០ ឆ្នាំ និង កូនប្រុសអាយុ ១៥ ឆ្នាំ ទៅគេងក្នុងឡានដែលចតចោលក្រោមផ្ទះ ហើយបើកម៉ាស៊ីនត្រជាក់។
លុះដល់យប់ថ្ងៃកើតហេតុ ស្ត្រីជាម្ដាយក៏ឃើញសភាពហាក់ស្ងប់ស្ងាត់ ហើយប្រុងទៅហៅឪពុកកូនមកហូបបាយល្ងាច ស្រាប់តែរកឃើញប្ដី និង កូនខ្លួនបានបាត់បង់ស្មារតីទាំង ៣ នាក់ ក៏ផ្អើលឆោឡោស្រែកហៅគេឯងឱ្យជួយ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្រោយសង្គ្រោះបឋមអស់ជាង ៤ ម៉ោង ពេទ្យបានបញ្ជាក់ថា កូនស្រីច្បងដែលមានអាយុ ២០ ឆ្នាំ បានស្លាប់ហើយ ចំណែកឯកូនប្រុស និង ឪពុកគឺមិនទាន់ដឹងខ្លួននៅឡើយ ដោយស្ថិតក្នុងការសង្គ្រោះបន្ទាន់។ ដោយាសារកូនប្រុសមានសុខភាពរឹងមាំជាងអាចនឹងដឹងខ្លួនឆាប់ៗ ចំណែកឪពុកត្រូវបានបញ្ជូនទៅពេទ្យទាហានវៀតណាមដើម្បីព្យាបាល។
គ្រូពេទ្យបានសន្និដ្ឋានថា មូលហេតុដែលបណ្ដាលឱ្យអ្នកទាំង ៣ បាត់បង់ស្មារតី គឺអាចបណ្ដាលមកពីការពុលឧស្ម័នកាបូនិច (CO Poisoning) ដោយសារតែឡានបានចតចោលមួយកន្លែងរយៈពេលយូរ មិនមានរំហូរខ្យល់គ្រប់គ្រាន់ក្នុងឡាន។ យ៉ាងណាមិញករណីនេះប៉ូលិសនឹងធ្វើការស៊ើបអង្កេតលម្អិតបន្ថែម៕