(វីដេអូ) រំជួលចិត្តខ្លាំង! ជម្នះពាក្យមើលងាយអ្នកផង តស៊ូហ្វឹកហាត់ជំនាញហែលទឹកទាំងពិការ ដើម្បីឱ្យទង់ជាតិកម្ពុជាឡើងខ្ពស់ជាងគេ
នេះពិតជារឿងគួរឱ្យកោតសរសើរ និង មានការរំជួលចិត្តជាខ្លាំង នៅពេលដែលបានស្តាប់ការនិយាយបង្ហាញពីអារម្មណ៍ពិតក្នុងចិត្តរបស់កីឡាករ-កីឡាការិនីមានពិការភាព ដែលបានចូលរួមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក្នុងនាមប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២៣។
ជាមួយគ្នានោះ បើតាមសម្តីរបស់កីឡាករហែលទឹក ពេជ្រ ការាយ លេងផ្នែក ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ កង្កែប បាននិយាយក្នុងបទសម្ភាសអំពីភាពអត់ធ្មត់ តស៊ូជម្នះរាល់ពាក្យសម្តីរបស់អ្នកនៅជុំវិញខ្លួននិយាយមកលើរូបលោកជាជនពិការពីកំណើត។
ក្នុងនោះដែរ ក៏មានកីឡាការិនីហែលទឹកមួយរូបទៀត ដែលមានភាពពិការដោយសារតែជួបគ្រោះថ្នាក់ប៉ះពាល់ដល់ខួរឆ្អឹងខ្នង មិនអាចកម្រើកបានពាក់កណ្តាលខ្លួនផ្នែកខាងក្រោម ប៉ុន្តែនៅតែព្យាយាមតស៊ូជម្នះ ដើម្បីទទួលបានជីវិតថ្មីឱ្យល្អប្រសើរ។
លើសពីនេះ គាត់បានបង្ហាញពីឆន្ទៈក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បើទោះបីជាគាត់ទើបបានហ្វឹតហាត់ ២ ទៅ ៣ ខែចុងក្រោយនេះក៏ដោយ ដើម្បីយកឈ្នះ និង ចង់ឱ្យទង់ជាតិកម្ពុជាយើងឡើងបានខ្ពស់ជាងគេ៕