ភ្ញាក់ផ្អើល! ម្ចាស់ហាងមួយដាច់ចិត្តបង្ហោះសារសុំសមត្ថកិច្ច រឿងចាប់ម៉ូតូឡានផាកពិន័យហើយយកមកដាក់មុខហាងពេញៗពីព្រឹកដល់ល្ងាច ប៉ះពាល់ការរកស៊ី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង បញ្ចេញមតិចែករំលែកបន្តគ្នាព្រោងព្រាត លើករណីម្ចាស់ហាងមួយកន្លែងបង្ហោះសារសំណូមពរដល់សមត្ថកិច្ច ក្រោយសមត្ថកិច្ចចាប់ម៉ូតូឡានដែលផាកពិន័យហើយដាក់មុខហាងខ្លួនពេញៗ តាំងពីព្រឹកដល់ល្ងាច។
ទាក់ទិនទៅនឹងករណីនេះ បើតាមគណនីឈ្មោះ Na Na ដែលជាម្ចាស់ហាងបានបង្ហោះនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ ថា ៖ «ខ្ញុំអត់ដឹងថាថ្នាក់លើរដ្ឋាភិបាលត្រូវឱ្យពួកគាត់ ពូពូប៉ូលិសផាកពិន័យចរាចរណ៍មួយខែមានប៉ុន្មានថ្ងៃនោះទេ តែបើតាមខ្ញុំឃើញ ខ្ញុំឃើញពួកគាត់បានផាកពិន័យចរាចរណ៍ម៉ូតូឡានជារៀងរាល់ថ្ងៃ មួយខែ ៣០ ថ្ងៃពេញ គាត់បានចាប់ម៉ូតូឡានតាំងពីព្រឹកដល់ល្ងាច គាត់បានយកឡានដែលគាត់ផាកពិន័យយកមកដាក់មុខហាងរបស់ខ្ញុំពេញៗ តាំងពីព្រឹកដល់ល្ងាច ចេញមួយចូលមួយចេញមួយចូលមួយ ដល់ខាងបុគ្គលិករបស់ខ្ញុំទៅប្រាប់គាត់ គាត់និយាយស្រែកសម្លុតឱ្យបុគ្គលិករបស់ខ្ញុំដែលគាត់ទៅប្រាប់ គាត់បានធ្វើបែបនេះជារៀងរាល់ថ្ងៃ ហាងទីតាំងរបស់ខ្ញុំបើកទួទលអតិថិជន តែបើគាត់ទុកឡានពេញមុខហាងរបស់ខ្ញុំបែបនេះ តើអតិថិជនរបស់ខ្ញុំគាត់ជិះឡាន ឬ ម៉ូតូចូលតាមប្រលោះណាកើត»។
ម្ចាស់ហាងខាងលើបានបន្តទៀតថា ៖ «ទីតាំងហាងរបស់ខ្ញុំជួលគេមួយខែ មួយខែ ថ្លៃណាស់ បង់ផ្ទះ នៅចំណាយប្រាក់ខែបុគ្គលិក នៅផ្សេងៗទៀត តែបើគាត់ចាប់ឡានដាក់ពេញមុខហាងរបស់ខ្ញុំបែបនេះ អតិថិជនណាដែលគាត់ចូលមកហាងខ្ញុំកើត អតិថិជនគាត់ចូលមិនកើត អត់ចំណូលចូល តើខ្ញុំបានអីទៅចំណាយវិញ ហាងរបស់ខ្ញុំមិនមែនបើកលក់ដូរ ឬ ផ្សព្វផ្សាយអីតាមអនឡាញទេ ហាងរបស់ខ្ញុំបើកទទួលអតិថិជនដែលគាត់ធ្វើដំណើរតាមដងផ្លូវ សូមថ្នាក់ដឹកនាំអភិបាលខណ្ឌសែនសុខ ផ្តល់ភាពមេត្តាសូមជួយពិនិត្យមើល ផ្តល់នូវភាពត្រឹមត្រូវ ដល់ពលរដ្ឋដែលកំពុងរងគ្រោះផងចុះ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖