គួរឱ្យសរសើរ! កូនខ្មែរម្នាក់បើកបង្រៀន «គុនល្បុក្កតោ» និង «គុនខ្មែរ» នៅរដ្ឋយូថាហ៍ ទឹកដីអាមេរិក
មហាជនអ្នកអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងក្ដីស្ងើចសរសើរចំពោះកូនខ្មែរមួយរូប ដែលនាំយក «គុនល្បុក្កតោ» និង «គុនខ្មែរ» របស់ខ្មែរយើង ទៅបង្ហាត់បង្រៀននៅរដ្ឋយូថាហ៍ ទឹកដីអាមេរិក។
ទាក់ទិនទៅនឹងរឿងនេះ បើតាមកូនខ្មែរដែលមានគណនីឈ្មោះ Kim Sambo បានបង្ហោះនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថា ៖ «ខ្ញុំអាចនិយាយបានថា ខ្ញុំមានមោទកភាពចំពោះខ្លួនឯង ដែលខ្ញុំជាកូនខ្មែរដំបូងគេបានលើកស្ទួយសិល្បៈក្បាច់គុនបុរាណខ្មែរ បូកនឹង «គុនល្បុក្កតោ» និង «គុនខ្មែរ» នៅក្នុងរដ្ឋរបស់ខ្ញុំរស់នៅ គឺរដ្ឋយូថាហ៍ ហើយខ្ញុំគ្រោងនឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយនឹងទូទាំងសហរដ្ឋអាមេរិក នាពេលអនាគត»។
យុវជនមានឈាមខ្មែរ ប្រកបដោយឆន្ទៈរូបនេះ បានបន្តថា ៖ «ខ្ញុំរីករាយណាស់ដែលខ្ញុំបានបង្ហាត់បង្រៀន «គុនល្បុក្កតោ» និង «គុនខ្មែរ» ដល់យុវជន និង សិស្សជំនាន់ក្រោយ ហើយនៅចុងបញ្ចប់ខ្ញុំគឺជាគ្រូបង្ហាត់ក្បាច់គុនដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដដើម្បីលើកស្ទួយ និង ថែរក្សា «ក្បាច់គុនល្បុក្កតោ» និង «គុនខ្មែរ» របស់កម្ពុជា»៕