មកយល់ដឹងពីការចែកចាយ ឬ លក់ឱសថឈ្មោះ Yasmin គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល
យើងសង្កេតឃើញថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសមួយស្ដីពីការរកឃើញការនាំចូល និង ចែកចាយថ្នាំពន្យារកំណើត Yasmin ខុសច្បាប់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ហើយនៅលើប្រអប់នៃផលិតផលខុសច្បាប់ ឬ ក្លែងក្លាយទាំងនោះ មិនមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកាដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។
បើយើងមិនបានសង្កេតមើល ឬ មិនចាប់អារម្មណ៍ យើងអាចទទួលបានផលិតផលខុសច្បាប់ ឬ ក្លែងក្លាយនោះ ដោយហេតុថាវាស្រដៀងទៅនឹងផលិតផលពិតប្រាកដ។ ផលិតផលដែលមិនមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកាលើប្រអប់ ជាផលិតផលខុសច្បាប់ ឬ ក្លែងក្លាយ ដែលជនខិលខូចលួចនាំចូលខុសច្បាប់ គុណភាពមិនត្រូវបានត្រួតពិនិត្យ រីឯការរក្សាទុក និង ការដឹកជញ្ជូនមិនបានត្រឹមត្រូវទៅតាមស្តង់ដារ។
ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និង ប្រើប្រាស់ឱសថដែល គ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ដូច្នេះសាធារណៈជនទាំងអស់គួរពិនិត្យមើលភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបានដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និង មានស្លាកសញ្ញាសម្គាល់ការចែកចាយ និងលេខបញ្ជិកានៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សម្គាល់ផលិតផលសុទ្ធ គឺក្នុងប្រអប់មានបរិយាយប័ណ្ណឱសថ ដែលសរសេរជាភាសាខ្មែរ និង អង់គ្លេស ខណៈដែលផលិតផលខុសច្បាប់ ឬក្លែងក្លាយមានបរិយាយប័ណ្ណឱសថដែលសសេរជាភាសាផ្សេងៗទៀត។
មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និង ជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលខុសច្បាប់ ឬ ក្លែងក្លាយ ដើម្បីធានានូវប្រសិទ្ធភាព សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និង ឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យឱសថខុសច្បាប់ និង ក្លែងក្លាយដែរ។
លោកអ្នកដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និង ក្លែងក្លាយពីការធ្វើចរាចរណ៍នៅលើទីផ្សារទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និង បទបញ្ញត្តិយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការនាំចូល និង ការចែកចាយឱសថខុសច្បាប់ និង ក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។ គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និង ឱសថក្លែងក្លាយមកកាន់នាយកដ្ឋាន ឱសថ និង ចំណីអាហារ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ ៖ 012 355 161, 012 904 385, 012 983 334, 017 606 670, 012 562 446, 017 866 760។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល Yasmin សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 031 333 0334 រាល់ម៉ោងធ្វើការ។
បើមានផលរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ ០១២ ៦៧៣ ២៦៨ / ០៨៩ ៤៩៨ ៨៨៣ ឬ អ៊ីម៉ែល pv.center@ezecom.com.kh ឬ វេបសាយ www.ddfcambodia.com និង លេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH ០៦៧ ៥៥៥ ៧៥២។
សូមចូលទស្សនាវីដេអូខាងក្រោម៖