មិនស្មានសោះ! ចោរឆក់កាបូបស្ត្រីឱ្យធ្លាក់ច្រងាប់ច្រងិលពីកង់បី តាមពិតជាសិស្សសាលា វ័យទើប ១៩-២០ ឆ្នាំ
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោងប្រមាណ ១០ និង ៥៧ នាទី មានករណីចោរឆក់កាបូបមួយកើតឡើងតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើកង់បីដែលកំពុងធ្វើដំណើរយ៉ាងច្រងាប់ច្រងិល បោកទៅនឹងថ្នល់គួរឱ្យរន្ធត់ រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ នេះ បើតាមហ្វេសប៊ុកផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហោះឱ្យដឹងថា ចោរឆក់កាបូបរបស់ស្រ្តីខាងលើពេលនេះត្រូវអាវុធហត្ថរាជធានីភ្នំពេញតាមចាប់បានហើយ ក្រោយគេចខ្លួនអស់រយៈពេល ១០ ថ្ងៃ។
បើតាមរយៈវីដេអូដែលគេថតបាន គេសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា ៦ នាក់ ជិះម៉ូតូចំនួន ៤ គ្រឿងអមគ្នាធ្វើសកម្មភាព រហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា និង ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ មានឈ្មោះ ហូយ សុភ័ក្រ អាយុ ១៩ ឆ្នាំជាសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅ វុត្ថា អាយុ ២០ ឆ្នាំមានមុខរបរមិនពិតប្រាកដ។
យោងតាមការបង្ហោះរបស់អាវុធហត្ថបានឱ្យដឹងទៀតថា ក្នុងនោះជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និង ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមកហើយ តាំងពីឆ្នាំ ២០១៩ មក និង ធ្លាប់ជាប់ពន្ធនាគារចំនួន ៣ លើកផងដែរ ដោយលើកទី ១ ក្នុងឆ្នាំ ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា (កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី ២ ក្នុងឆ្នាំ ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី ៣ ក្នុងឆ្នាំ ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និង លើកទី ៤ នេះខ្លួនចេញធ្វើសកម្មភាពឆក់កាបូបសាជាថ្មី បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើកង់បី តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានទៀត។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕