ហួសចិត្ត! បុរស បើកទ្វារយន្តហោះនៅកូរ៉េថ្ងៃមុន ប្រាប់ថា «មកពីអត់ស្រណុកក្នុងខ្លួន ចង់ចុះឱ្យលឿនៗ»
តាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap News Agency បានឱ្យដឹងថា បុរសជាអ្នកដំណើរលើយន្តហោះ Asiana Airlines ដែលទាញបើកទ្វារ ទាំងយន្តហោះកំពុងនៅលើអាកាសនោះ បានសារភាពប្រាប់ដល់ប៉ូលិសថា មកពីរូបគេមិនស្រណុកក្នុងខ្លួន ទើបធ្វើការបើកទ្វារបែបនេះ។
ក្រោយការឃាត់ខ្លួនយកទៅសួរនាំ បុរសរូបនោះ បាននិយាយប្រាប់ប៉ូលិសថា រូបគេបានបើកទ្វារ ព្រោះតែគេចង់ចុះពីលើយន្តហោះឱ្យលឿនៗ។ បន្ថែមពីនេះ លោកក៏បានប្រាប់ប៉ូលិសទៀតថា លោកក៏កំពុងស្ត្រេស ព្រោះតែបាត់បង់ការងារថ្មីៗនេះ។
គួររំឭកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតមានឡើងលើយន្តហោះរបស់ក្រុមហ៊ុន Asiana Airlines ដែលបុរសជាអ្នកដំណើរម្នាក់ បានធ្វើការបើកច្រកទ្វារពេលមានអាសន្នលើយន្តហោះ Airbus A321-200 ដែលកំពុងហោះហើរក្នុងកម្ពស់ ២០០ ម៉ែត្រ ខណៈពេលយន្តហោះកំពុងធ្វើការចុះចតនៅព្រលានយន្តហោះ Daegu កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅ។ ជាសំណាងល្អ អ្នកដំណើរទាំង ១៩៤ នាក់លើយន្តហោះនោះ មិនមានរងរបួសឡើយ ប៉ុន្តែអ្នកដំណើរ ៩ នាក់ ទាមទារឱ្យព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានបញ្ហាពិបាកដកដង្ហើម៕