ផ្ទះមានកូនក្រមុំ ៣ នាក់ គ្រាន់តែកូនបងមានគេចូលស្ដីរៀបការ ម្ដាយពួយចងដៃខ្សែ-កមាស ២០ ខ្សែ លុយ ២១ ម៉ឺនដុល្លារ
ពិធីមង្គលការគូស្វាមីភរិយាថ្មីមួយ កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយម្ដាយកូនក្រមុំពួយឱ្យចំណងដៃទៅកូនស្រីជាខ្សែ-កមាស ២០ ខ្សែ ហើយថែមទាំងលុយសុទ្ធ ៥ ពាន់លានដុង (ប្រមាណ ២១ ម៉ឺនដុល្លារ)។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯខេត្ត Thanh Hoa ប្រទេសវៀតណាម ដោយតាមការរៀបរាប់បានឱ្យដឹងថា៖ «គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានស្គាល់គ្នាពេលទៅធ្វើការនៅខេត្ត Binh Duong ហើយក៏បានសាងស្នេហាជាមួយគ្នា។ លុះពេលមើលចិត្តគ្នាអស់មួយរយៈ ក៏សម្រេចចិត្តរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណី តែអ្វីដែលធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើលនោះ គឺកូនកំលោះក្រមុំគូនេះបានចំណងដៃយ៉ាងហូរហៀរ ដោយមានទាំងមាស និង ប្រាក់សុទ្ធ»។
ម្ដាយកូនក្រមុំបានបង្ហើបថា ៖ «ដោយគ្រួសារខ្ញុំមានកូនស្រីដល់ទៅ ៣ នាក់ ហើយសុទ្ធសឹងតែមិនទាន់មានប្ដី ហើយនេះជាកូនស្រីច្បងដែលបានរៀបការ ហេតុដូចនេះខ្ញុំសប្បាយចិត្តខ្លាំង ទាំងខ្ញុំ និង ពូមីងនាងក៏បានប្រមូលមាសដែលសន្សំទុកមក ហើយធ្វើជាខ្សែ-កសរុបបាន ២០ ខ្សែ និង លុយសុទ្ធ ៥ ពាន់លានដុង (ប្រមាណ ២១ ម៉ឺនដុល្លារ) មកធ្វើជាចំណងដៃកូន»។
បន្ថែមពីនេះ គេបានរកឃើញទៀតថា កូនក្រមុំនាងគឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីទីក្រុងហូជីមិញ ហើយគ្រួសារនាងជាអ្នករកស៊ីលក់ម៉ូតូ និងអចលនទ្រព្យ។ ចំណែកឯកូនកំលោះជាកូនប្រុសពៅក្នុងចំណោមបងប្អូន ២ នាក់ ដោយគ្រួសាររបស់កូនកំលោះបានបើកអាជីវកម្មលក់សម្លៀកបំពាក់ និងគ្រឿងសង្ហារិម៕