នៅទីណាក៏មិនភ្លេចខ្មែរ! ស្រួង ភាវី ចុះកុងត្រានៅក្រុមហ៊ុនមួយ មិនយកលុយទុកខ្លួនឯង តែបង្វិលចូលសប្បុរសធម៌ទាំងអស់
នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ នេះ កីឡាការិនី ស្រួង ភាវី បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយនាងបានឱ្យដឹងថា រូបនាងបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍មួយក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។
ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ រូបនេះបានបញ្ជាក់ឱ្យដឹងថា ការចុះកុងត្រានេះគឺនាងមិនយកប្រាក់សម្រាប់ខ្លួនឯងទេ ដោយបង្វិលទៅកិច្ចការសប្បុរសធម៌វិញ។ នាងបានបន្តឱ្យដឹងទៀតថា ប្រសិនបើខ្លួនត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬ មានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់ខ្លួនធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ។
កីឡាការិនីលំដាប់ពិភពលោករូបនេះ បានបន្តឱ្យដឹងថា ការស្នើលក្ខខណ្ឌរបស់នាង គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា ព្រមទាំងបញ្ជាក់បែបនេះថា ៖ «ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»៕