ឃើញយាយដើរតាមផ្លូវយួរអីវ៉ាន់ដូចកម្សត់ខ្លាំង ដល់ទៅឃើញរបងផ្ទះ សឹងធ្លាក់ថ្លើមក្ដុក ព្រោះរឿងនេះ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយយុវជនម្នាក់បានចែករំលែកពីអំពើល្អរបស់ខ្លួន និងរឿងហួសចិត្តមួយបន្ទាប់ពីឃើញលោកយាយចំណាស់ ដែលមើលទៅកម្សត់តោកយ៉ាក ប៉ុន្ដែពេលជូនដល់ផ្ទះ គឺផ្ទះធំស្កឹមស្កៃខ្លាំង។
យុវជនរូបនេះបានសរសេរថា៖ «ខ្ញុំបានជិះម៉ូតូទៅផ្សារ ហើយបានជួបលោកយាយម្នាក់ដែលមានទាំងអីវ៉ាន់កណ្តៀតក្លៀក និង អីវ៉ាន់យួរពេញដៃ ហើយដើរតាមផ្លូវម្នាក់ឯងគួរឱ្យអាណិត។ ដោយក្ដីអាណិតខ្ញុំក៏បានឈប់ម៉ូតូ ហើយស្នើសុំជូនម៉ូតូគាត់ទៅផ្ទះ។ តែអ្នកទាំងអស់គ្នាដឹងទេ? នៅពេលទៅដល់ផ្ទះគឺខ្ញុំភាំងខ្លាំង ដោយខ្ញុំសួរគាត់ម្ដងហើយម្ដងទៀត ថាពិតជាផ្ទះគាត់ពិតប្រាកដមែនទេ ព្រោះតែវាធំស្កឹមស្កៃខ្លាំង ហើយរបងផ្ទះគឺមានឆ្លាក់ក្បូរក្បាច់ ចំណែកដីក៏ធំមិនធម្មតា។ ហើយកាន់តែប្រាកដ គឺនៅពេលគាត់ចាក់សោចូលផ្ទះ»។
ក្រោយរឿងនេះផ្ទុះឡើង មហាជនជាច្រើនក៏បានបញ្ចេញមតិព្រោងព្រាតដោយខ្លះបានលើកឡើងថា៖ «គេថាមិនឱ្យមើលមនុស្សតែសម្បកក្រៅទេ», «មិនអីទេទោះគាត់ជាអ្នកមាន យើងជូនគាត់គឺជាទឹកចិត្ត និងបុណ្យរបស់យើង» ជាដើម៕